គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 2:38-46 Khmer Standard Version (KHSV)

38. ពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ រួច​តំណាល​អំពី​ព្រះ‌ឱរស​នោះ ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​យាង​មក​លោះ​ក្រុង​យេរូ‌សាឡឹម។

39. កាល​មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​បាន​បំពេញ​កិច្ចការ​ទាំង​អស់ ស្រប​តាម​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់​សព្វ​គ្រប់​ហើយ គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ណាសា‌រ៉ែត ជា​ភូមិ​របស់​គាត់​ក្នុង​ស្រុក​កាលី‌ឡេ​វិញ។

40. ព្រះ‌កុមារ​មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ មាន​កម្លាំង​កាន់​តែ​មាំ‌មួន​ឡើង និង​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះ‌កុមារ​នេះ​ណាស់។

41. ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង* មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​តែងតែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម។

42. លុះ​ដល់​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្មាយុ​ដប់‌ពីរ​ព្រះ‌វស្សា មាតា‌បិតា​ក៏​នាំ​ព្រះ‌អង្គ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ តាម​ទំនៀម‌ទម្លាប់។

43. លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ រីឯ​ព្រះ‌កុមារ​យេស៊ូ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ តែ​មាតា‌បិតា​ពុំ​បាន​ដឹង​ទេ។

44. គាត់​នឹក​ស្មាន​ថា ព្រះ‌កុមារ​គង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គ្នា។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ថ្ងៃ ទើប​គាត់​នាំ​គ្នា​ដើរ​រក​ព្រះ‌កុមារ​ក្នុង​ចំណោម​ញាតិ​មិត្ត​ទាំង​អស់

45. ប៉ុន្តែ រក​ពុំ​ឃើញ​សោះ គាត់​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដើម្បី​រក​ព្រះ‌អង្គ​នៅ​ទី​នោះ​ទៀត។

46. បី​ថ្ងៃ​ក្រោយ​មក មាតា‌បិតា​ឃើញ​ព្រះ‌យេស៊ូ​ក្នុង​ព្រះ‌វិហារ* ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​ចំណោម​គ្រូ​អាចារ្យ* កំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេងៗ​ដល់​គេ​ផង។

សូមអានជំពូកពេញលេញ លូកា 2