គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 2:31-45 Khmer Standard Version (KHSV)

31. ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យប្រជា‌ជាតិ​ទាំង​អស់

32. គឺ​ជា​ពន្លឺ​ដែល​នាំ​ឲ្យ​មនុស្សគ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះ‌អង្គនិង​ជា​សិរី‌រុងរឿង​របស់​អ៊ីស្រា‌អែលជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ»។

33. មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿង‌ឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​ស៊ីម្មាន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។

34. លោក​ស៊ីម្មាន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារី​ជា​មាតា​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​បុត្រ​នេះ​មក ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ បុត្រ​នេះ​ជា​ទី​សម្គាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌ជាម្ចាស់ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។

35. បុត្រ​នេះ​ធ្វើ​ឲ្យ​គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើន លេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្តរបស់​នាង»។

36. មាន​ព្យាកា‌រិនី​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​លោក​ផាញូ‌អែល ក្នុង​កុល‌សម្ព័ន្ធ*​អេ‌ស៊ើរ។ គាត់​រៀប‌ការ​បាន​ប្រាំ‌ពីរ​ឆ្នាំ ប្ដី​គាត់​ក៏​ទទួល​មរណ‌ភាព​ចោល​ទៅ

37. គាត់​នៅ​មេ‌ម៉ាយ​រហូត ឥឡូវ​នេះ គាត់​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ព្រះ‌វិហារ*​ទេ គាត់​នៅ​គោរព​បម្រើ​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​អធិស្ឋាន*​ផង។

38. ពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ រួច​តំណាល​អំពី​ព្រះ‌ឱរស​នោះ ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​យាង​មក​លោះ​ក្រុង​យេរូ‌សាឡឹម។

39. កាល​មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​បាន​បំពេញ​កិច្ចការ​ទាំង​អស់ ស្រប​តាម​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់​សព្វ​គ្រប់​ហើយ គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ណាសា‌រ៉ែត ជា​ភូមិ​របស់​គាត់​ក្នុង​ស្រុក​កាលី‌ឡេ​វិញ។

40. ព្រះ‌កុមារ​មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ មាន​កម្លាំង​កាន់​តែ​មាំ‌មួន​ឡើង និង​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះ‌កុមារ​នេះ​ណាស់។

41. ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង* មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​តែងតែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម។

42. លុះ​ដល់​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្មាយុ​ដប់‌ពីរ​ព្រះ‌វស្សា មាតា‌បិតា​ក៏​នាំ​ព្រះ‌អង្គ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ តាម​ទំនៀម‌ទម្លាប់។

43. លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ រីឯ​ព្រះ‌កុមារ​យេស៊ូ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ តែ​មាតា‌បិតា​ពុំ​បាន​ដឹង​ទេ។

44. គាត់​នឹក​ស្មាន​ថា ព្រះ‌កុមារ​គង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គ្នា។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ថ្ងៃ ទើប​គាត់​នាំ​គ្នា​ដើរ​រក​ព្រះ‌កុមារ​ក្នុង​ចំណោម​ញាតិ​មិត្ត​ទាំង​អស់

45. ប៉ុន្តែ រក​ពុំ​ឃើញ​សោះ គាត់​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដើម្បី​រក​ព្រះ‌អង្គ​នៅ​ទី​នោះ​ទៀត។

សូមអានជំពូកពេញលេញ លូកា 2