25. នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត* គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ដ្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធ*សណ្ឋិតលើគាត់
26. ហើយសម្តែងឲ្យគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រិស្ដ* ដែលព្រះអម្ចាស់ចាត់ឲ្យមកទេនោះ។
27. ព្រះវិញ្ញាណនាំលោកស៊ីម្មានចូលក្នុងព្រះវិហារ*។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ*
28. លោកស៊ីម្មានក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖
29. «បពិត្រព្រះដ៏ជាចៅហ្វាយ!ឥឡូវនេះ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។ដូច្នេះ សូមឲ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គលាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ
30. ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ
31. ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជាតិទាំងអស់
32. គឺជាពន្លឺដែលនាំឲ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គនិងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ត្រព្រះអង្គ»។
33. មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកស៊ីម្មានមានប្រសាសន៍អំពីព្រះឱរសណាស់។