1. នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមអូគូស្ដ មានព្រះរាជបញ្ជាឲ្យជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។
2. ការជំរឿនប្រជាជនលើកដំបូងនេះបានធ្វើឡើង ក្នុងអំឡុងពេលដែលលោកគីរេនាសធ្វើជាទេសាភិបាល នៅស្រុកស៊ីរី។
3. អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជី តាមស្រុកកំណើតរៀងៗខ្លួន។
4. រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។
5. លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្ដឹងដែលមានផ្ទៃពោះ។
6. ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។
7. នាងសម្រាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។
8. ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។