គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 19:5-14 Khmer Standard Version (KHSV)

5. កាល​ព្រះ‌យេស៊ូ​យាង​មក​ដល់ ព្រះ‌អង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​សាខេ​អើយ! សូម​អញ្ជើញ​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​លោក»។

6. លោក​សាខេ​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ព្រះ‌យេស៊ូ​ដោយ​អំណរ។

7. កាល​មនុស្ស​ទាំង​អស់​ឃើញ​ដូច្នោះ គេ​រអ៊ូ‌រទាំ​ថា៖ «មើល៍! លោក​នេះ​ទៅ​ស្នាក់​នៅ​ផ្ទះ​មនុស្ស​បាប!»។

8. លោក​សាខេ​ក្រោក​ឈរ​ឡើង ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​នឹង​ចែក​ទ្រព្យ‌សម្បត្តិ​របស់​ទូលបង្គំ ចំនួន​ពាក់​កណ្ដាល​ដល់​មនុស្ស​ក្រីក្រ ហើយ​ប្រសិន​បើ​ទូលបង្គំ​ទារ​ពន្ធ​ពី​អ្នក​ណា​ហួស​កម្រិត ទូលបង្គំ​នឹង​សង​អ្នក​នោះ​វិញ​មួយ​ជា​បួន»។

9. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ថ្ងៃ​នេះ ការ​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ដ្បិត​បុរស​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ដែរ។

10. បុត្រ​មនុស្ស​បាន​មក ដើម្បី​ស្វែង​រក និង​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់»។

11. កាល​ព្រះ‌យេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​មួយ​ទៀត​ទៅ​កាន់​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌អង្គ ដ្បិត​អ្នក​ទាំង​នោះ​នឹក​ស្មាន​ថា ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​នឹង​មក​ដល់​ភ្លាមៗ​នេះ​ជា​មិន​ខាន។

12. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ត្រកូល​ខ្ពស់​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​នឹង​ទទួល​រាជា‌ភិសេក។ កាល​ណា​ទទួល​រាជា‌ភិសេក​ហើយ លោក​នឹង​ត្រឡប់​មក​វិញ។

13. មុន​ពេល​ចេញ​ដំណើរ​ទៅ លោក​បាន​ហៅ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់​មក ប្រគល់​ប្រាក់​ឲ្យ​គេ​មួយ​ណែន​ម្នាក់ៗ ទាំង​ផ្ដាំ​ថា “ចូរ​យក​ប្រាក់​នេះ​ទៅ​រក​ស៊ី រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ”។

14. រីឯ​អ្នក​ស្រុក​នោះ​ស្អប់​លោក បាន​ជា​គេ​ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ នាំ​ពាក្យ​ថា “យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​ធ្វើ​ស្ដេច​លើ​យើង​ខ្ញុំ​ជា​ដាច់​ខាត”។

សូមអានជំពូកពេញលេញ លូកា 19