គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 18:31-43 Khmer Standard Version (KHSV)

31. ព្រះ‌យេស៊ូ​នាំ​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ចេញ​ទៅ​ជា​មួយ​ព្រះ‌អង្គ។ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម អ្វីៗ​ទាំង​អស់​ដែល​ព្យាការី*​បាន​ចែង​ទុក​អំពី​បុត្រ​មនុស្ស* នឹង​កើត​មាន​នៅ​ទី​នោះ

32. គេ​នឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ពួក​នោះ​នឹង​ចំអក​ត្មះ‌តិះ‌ដៀល​លោក ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។

33. គេ​នឹង​យក​រំពាត់​វាយ​លោក រួច​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។

34. ពួក​សាវ័ក​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​អ្វី​ផង ព្រោះ​អត្ថ‌ន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ។

35. កាល​ព្រះ‌យេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរីខូ មាន​មនុស្ស​ខ្វាក់​ម្នាក់​អង្គុយ​សុំ​ទាន​នៅ​តាម​ផ្លូវ។

36. ពេល​គាត់​ឮ​ស្នូរ​បណ្ដា‌ជន​ដើរ​តាម​នោះ គាត់​សួរ​គេ​ថា​មាន​រឿង​អ្វី

37. គេ​ប្រាប់​គាត់​ថា ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​យាង​មក​តាម​ផ្លូវ​នោះ។

38. មនុស្ស​ខ្វាក់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង!»។

39. ពួក​អ្នក​ដែល​ដើរ​ខាង​មុខ​បាន​ឃាត់​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង!»។

40. ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​បញ្ជា​គេ​ឲ្យ​នាំ​គាត់​ចូល​មក​ជិត​ព្រះ‌អង្គ។ លុះ​មនុស្ស​ខ្វាក់​ដើរ​ចូល​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖

41. «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ភ្នែក​ទូលបង្គំ​បាន​ភ្លឺ​ឡើង​វិញ​ផង»។

42. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ចូរ​ឲ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ឡើង​វិញ​ចុះ»។

43. រំពេច​នោះ គាត់​មើល​ឃើញ​វិញ​ភ្លាម ហើយ​គាត់​ក៏​តាម​ព្រះ‌យេស៊ូ ទាំង​លើក​តម្កើង សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ ប្រជា‌ជន​ទាំង​មូល​បាន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ទាំង​អស់​គ្នា។

សូមអានជំពូកពេញលេញ លូកា 18