គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 17:7-21 Khmer Standard Version (KHSV)

7. «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា នរណា​ម្នាក់​មាន​អ្នក​បម្រើ​ទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ហ្វូង​សត្វ។ ពេល​អ្នក​បម្រើ​នោះ​វិល​ត្រឡប់​មក​ពី​ស្រែ​វិញ ម្ចាស់​មិន​ដែល​និយាយ​ថា “សូម​អញ្ជើញ​មក​ពិសា​បាយ” ទេ។

8. ផ្ទុយ​ទៅ​វិញ ម្ចាស់​តែងតែ​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ចូរ​រៀបចំ​បាយ​ទឹក​ឲ្យ​ខ្ញុំ រួច​ទៅ​ផ្លាស់​ខោ‌អាវ​មក​បម្រើ​ខ្ញុំ​ពេល​ខ្ញុំ​បរិភោគ ចាំ​ខ្ញុំ​បរិភោគ​រួច សឹម​អ្នក​បរិភោគ​តាម​ក្រោយ”។

9. ម្ចាស់​មិន​ដែល​អរ‌គុណ​អ្នក​បម្រើ ដែល​បាន​ធ្វើ​តាម​បង្គាប់​ខ្លួន​នោះ​ឡើយ។

10. រីឯ​អ្នក​រាល់​គ្នា​វិញ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់​សព្វ​គ្រប់​ហើយ ចូរ​ពោល​ថា “យើង​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ធម្មតា​ប៉ុណ្ណោះ គឺ​យើង​ខ្ញុំ​បាន​បំពេញ​កិច្ចការ​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើ”»។

11. កាល​ព្រះ‌យេស៊ូ​កំពុង​យាង​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​យាង​កាត់​តាម​ស្រុក​សាម៉ារី និង​ស្រុក​កាលី‌ឡេ។

12. ពេល​ព្រះ‌អង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ មាន​មនុស្ស​ឃ្លង់​ដប់​នាក់​មក​រក​ព្រះ‌អង្គ។ គេ​ឈរ​ពី​ចម្ងាយ

13. ស្រែក​ឡើង​ថា៖ «លោក​គ្រូ​យេស៊ូ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង»។

14. ព្រះ‌យេស៊ូ​ទត​មើល​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​បូជា‌ចារ្យ*​ឃើញ​ចុះ»។ ពេល​អ្នក​ទាំង​នោះ​ចេញ​ដំណើរ​ទៅ គេ​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ*​ទាំង​អស់​គ្នា។

15. ពេល​ឃើញ​ខ្លួន​បាន​ជា​សះ‌ស្បើយ​ដូច្នេះ មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ត្រឡប់​មក​វិញ ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ដោយ​បន្លឺ​សំឡេង​ខ្លាំងៗ​ផង។

16. គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ អោន​ក្បាល​ដល់​ដី ហើយ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ អ្នក​នោះ​ជា​អ្នក​ស្រុក​សាម៉ារី។

17. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ទាំង​ដប់​នាក់​មិន​បាន​ជា​ស្អាត​បរិសុទ្ធ​គ្រប់ៗ​គ្នា​ទេ​ឬ ចុះ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯ​ណា?

18. មាន​តែ​ជន​បរទេស​ម្នាក់​វិល​ត្រឡប់​មក​វិញ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់!»។

19. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ទៀត​ថា៖ «ចូរ​ក្រោក​ឡើង អញ្ជើញ​ទៅ​ចុះ ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ»។

20. ពួក​ខាង​គណៈ‌ផារីស៊ី*​ទូល​សួរ​ព្រះ‌យេស៊ូ​ថា ព្រះ‌ជាម្ចាស់​នឹង​យាង​មក​គ្រង​រាជ្យ​នៅ​ពេល​ណា។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​មិន​មែន​មក តាម​បែប​ដែល​មនុស្ស​អាច​មើល​ឃើញ​នឹង​ភ្នែក​បាន​ឡើយ។

21. គេ​ពុំ​អាច​ពោល​ថា “ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​នៅ​ទី​នេះ ឬ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​នៅ​ទី​នោះ” បាន​ទេ។ ចូរ​ដឹង​ថា ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ»។

សូមអានជំពូកពេញលេញ លូកា 17