គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 17:22-37 Khmer Standard Version (KHSV)

22. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស*​ថា៖ «ពេល​ក្រោយ អ្នក​រាល់​គ្នា​ចង់​ឃើញ​ថ្ងៃ​ដែល​បុត្រ​មនុស្ស*​យាង​មក សូម្បី​តែ​មួយ​ថ្ងៃ​ក៏​បាន​ដែរ តែ​អ្នក​រាល់​គ្នា​ពុំ​ឃើញ​ឡើយ។

23. ពេល​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អង្គ​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​រត់​ទៅ​ឲ្យ​សោះ។

24. បុត្រ​មនុស្ស​នឹង​យាង​មក​ប្រៀប​បី​ដូច​ជា​ផ្លេក​បន្ទោរ​ភ្លឺ‌ឆ្វាច ឆូត​កាត់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង។

25. ប៉ុន្តែ បុត្រ​មនុស្ស​ត្រូវ​តែ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ជា​មុន​សិន ហើយ​មនុស្ស​សម័យ​ឥឡូវ​នេះ​នឹង​បោះ​បង់​លោក​ចោល។

26. នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​នៅ​ជំនាន់​លោក​ណូអេ*​ដែរ។

27. កាល​ណោះ​មនុស្ស‌ម្នា​គិត​តែ​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ ហើយ​ទឹក​ជំនន់​ឡើង​លិច​បំផ្លាញ​មនុស្ស​អស់។

28. នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​ជំនាន់​លោក​ឡុត*​ដែរ កាល​ណោះ​មនុស្ស‌ម្នា​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ និង​សង់​ផ្ទះ។

29. ប៉ុន្តែ នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចាក​ចេញ​ពី​ក្រុង​សូដុម មាន​ភ្លើង និង​ស្ពាន់‌ធ័រ​បង្អុរ​ពី​លើ​មេឃ​មក​ដូច​ភ្លៀង បំផ្លាញ​អ្នក​ក្រុង​ទាំង​អស់​គ្នា​ទៅ។

30. នៅ​ថ្ងៃ​ដែល​បុត្រ​មនុស្ស​បង្ហាញ​ខ្លួន ក៏​នឹង​មាន​ហេតុ‌ការណ៍​ដូច្នោះ​ដែរ។

31. នៅ​ថ្ងៃ​នោះ អ្នក​នៅ​លើ​ដំបូល​ផ្ទះ ហើយ​មាន​របស់​របរ​ទុក​នៅ​ក្នុង​ផ្ទះ កុំ​ចុះ​ទៅ​យក​ឡើយ។ រីឯ​អ្នក​នៅ​ចម្ការ​ក៏​ដូច្នោះ​ដែរ កុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឲ្យ​សោះ។

32. ចូរ​នឹក​ចាំ​អំពី​រឿង​ដែល​កើត​មាន​ដល់​ភរិយា​លោក​ឡុត។

33. អ្នក​ដែល​ខំ​រក្សា​ជីវិត​របស់​ខ្លួន​នឹង​បាត់​បង់​ជីវិត រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត នឹង​បាន​រួច​ជីវិត​វិញ។

34. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ បើ​មាន​ពីរ​នាក់​ដេក​លើ​គ្រែ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។

35. បើ​ស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ [

36. បើ​មាន​បុរស​ពីរ​នាក់​នៅ​ក្នុង​ចម្ការ ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ]»។

37. ពួក​សិស្ស*​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​មាន​នៅ​ទី​ណា?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «សាក‌សព​នៅ​ទី​ណា ត្មាត​ក៏​នឹង​មក​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ»។

សូមអានជំពូកពេញលេញ លូកា 17