20. ពួកខាងគណៈផារីស៊ី*ទូលសួរព្រះយេស៊ូថា ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណា។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមក តាមបែបដែលមនុស្សអាចមើលឃើញនឹងភ្នែកបានឡើយ។
21. គេពុំអាចពោលថា “ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ” បានទេ។ ចូរដឹងថា ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។
22. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅកាន់សិស្ស*ថា៖ «ពេលក្រោយ អ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រមនុស្ស*យាងមក សូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នករាល់គ្នាពុំឃើញឡើយ។
23. ពេលមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឲ្យសោះ។
24. បុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។
25. ប៉ុន្តែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់លោកចោល។
26. នៅគ្រាដែលបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកណូអេ*ដែរ។
27. កាលណោះមនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។
28. នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅជំនាន់លោកឡុត*ដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ។
29. ប៉ុន្តែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និងស្ពាន់ធ័របង្អុរពីលើមេឃមកដូចភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។
30. នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុការណ៍ដូច្នោះដែរ។
31. នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចម្ការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។
32. ចូរនឹកចាំអំពីរឿងដែលកើតមានដល់ភរិយាលោកឡុត។
33. អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត នឹងបានរួចជីវិតវិញ។
34. ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ បើមានពីរនាក់ដេកលើគ្រែជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។