គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 17:17-31 Khmer Standard Version (KHSV)

17. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ទាំង​ដប់​នាក់​មិន​បាន​ជា​ស្អាត​បរិសុទ្ធ​គ្រប់ៗ​គ្នា​ទេ​ឬ ចុះ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯ​ណា?

18. មាន​តែ​ជន​បរទេស​ម្នាក់​វិល​ត្រឡប់​មក​វិញ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់!»។

19. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ទៀត​ថា៖ «ចូរ​ក្រោក​ឡើង អញ្ជើញ​ទៅ​ចុះ ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ»។

20. ពួក​ខាង​គណៈ‌ផារីស៊ី*​ទូល​សួរ​ព្រះ‌យេស៊ូ​ថា ព្រះ‌ជាម្ចាស់​នឹង​យាង​មក​គ្រង​រាជ្យ​នៅ​ពេល​ណា។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​មិន​មែន​មក តាម​បែប​ដែល​មនុស្ស​អាច​មើល​ឃើញ​នឹង​ភ្នែក​បាន​ឡើយ។

21. គេ​ពុំ​អាច​ពោល​ថា “ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​នៅ​ទី​នេះ ឬ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​នៅ​ទី​នោះ” បាន​ទេ។ ចូរ​ដឹង​ថា ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ»។

22. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស*​ថា៖ «ពេល​ក្រោយ អ្នក​រាល់​គ្នា​ចង់​ឃើញ​ថ្ងៃ​ដែល​បុត្រ​មនុស្ស*​យាង​មក សូម្បី​តែ​មួយ​ថ្ងៃ​ក៏​បាន​ដែរ តែ​អ្នក​រាល់​គ្នា​ពុំ​ឃើញ​ឡើយ។

23. ពេល​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អង្គ​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​រត់​ទៅ​ឲ្យ​សោះ។

24. បុត្រ​មនុស្ស​នឹង​យាង​មក​ប្រៀប​បី​ដូច​ជា​ផ្លេក​បន្ទោរ​ភ្លឺ‌ឆ្វាច ឆូត​កាត់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង។

25. ប៉ុន្តែ បុត្រ​មនុស្ស​ត្រូវ​តែ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ជា​មុន​សិន ហើយ​មនុស្ស​សម័យ​ឥឡូវ​នេះ​នឹង​បោះ​បង់​លោក​ចោល។

26. នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​នៅ​ជំនាន់​លោក​ណូអេ*​ដែរ។

27. កាល​ណោះ​មនុស្ស‌ម្នា​គិត​តែ​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ ហើយ​ទឹក​ជំនន់​ឡើង​លិច​បំផ្លាញ​មនុស្ស​អស់។

28. នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​ជំនាន់​លោក​ឡុត*​ដែរ កាល​ណោះ​មនុស្ស‌ម្នា​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ និង​សង់​ផ្ទះ។

29. ប៉ុន្តែ នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចាក​ចេញ​ពី​ក្រុង​សូដុម មាន​ភ្លើង និង​ស្ពាន់‌ធ័រ​បង្អុរ​ពី​លើ​មេឃ​មក​ដូច​ភ្លៀង បំផ្លាញ​អ្នក​ក្រុង​ទាំង​អស់​គ្នា​ទៅ។

30. នៅ​ថ្ងៃ​ដែល​បុត្រ​មនុស្ស​បង្ហាញ​ខ្លួន ក៏​នឹង​មាន​ហេតុ‌ការណ៍​ដូច្នោះ​ដែរ។

31. នៅ​ថ្ងៃ​នោះ អ្នក​នៅ​លើ​ដំបូល​ផ្ទះ ហើយ​មាន​របស់​របរ​ទុក​នៅ​ក្នុង​ផ្ទះ កុំ​ចុះ​ទៅ​យក​ឡើយ។ រីឯ​អ្នក​នៅ​ចម្ការ​ក៏​ដូច្នោះ​ដែរ កុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឲ្យ​សោះ។

សូមអានជំពូកពេញលេញ លូកា 17