គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 15:4-17 Khmer Standard Version (KHSV)

4. «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា មាន​ម្នាក់​មាន​ចៀម​មួយ​រយ​ក្បាល បើ​គាត់​បាត់​ចៀម​មួយ គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ រហូត​ទាល់​តែ​បាន​ឃើញ​វិញ។

5. កាល​រក​ឃើញ​ហើយ គាត់​ត្រេក​អរ​ណាស់ គាត់​ក៏​លើក​ចៀម​ដាក់​លើ-ក

6. ត្រឡប់​មក​ផ្ទះ​វិញ ហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ចៀម​របស់​ខ្ញុំ​ដែល​បាត់​ទៅ​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។

7. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ​មាន​អំណរ​សប្បាយ ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ​ប្រែ​ចិត្ត​គំនិត ខ្លាំង​ជាង​ព្រះ‌អង្គ​សប្បាយ​នឹង​មនុស្ស​សុចរិត​កៅ‌សិប​ប្រាំ​បួន​នាក់ ដែល​មិន​ត្រូវ​ការ​កែ​ប្រែ​ចិត្ត​គំនិត»។

8. «ម្យ៉ាង​ទៀត ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្រាក់​ដប់​ដួង* ហើយ​បាត់​មួយ​ដួង គាត់​មុខ​ជា​អុជ​ចង្កៀង​បោស​ផ្ទះ​រក​ប្រាក់​នោះ គ្រប់​កៀន​កោះ​រហូត​ទាល់​តែ​បាន​ឃើញ​វិញ។

9. លុះ​រក​ឃើញ​ហើយ គាត់​ក៏​ហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ប្រាក់​ដួង*​ដែល​ខ្ញុំ​បាត់​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។

10. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា*​របស់​ព្រះ‌ជាម្ចាស់​នឹង​មាន​អំណរ​សប្បាយ​ជា​ខ្លាំង ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ​ប្រែ​ចិត្ត​គំនិត»។

11. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មាន​បុរស​មួយ​រូប​មាន​កូន​ប្រុស​ពីរ​នាក់។

12. កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា “លោក​ឪពុក! សូម​ចែក​កេរ‌មត៌ក​ឲ្យ​កូន​មក”។ ឪពុក​ក៏​ចែក​មត៌ក​ឲ្យ​កូន។

13. ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក កូន​ពៅ​ប្រមូល​ទ្រព្យ‌សម្បត្តិ រួច​ចាក​ចេញ​ទៅ​ស្រុក​ឆ្ងាយ។ នៅ​ស្រុក​នោះ កូន​ពៅ​បាន​ខ្ជះ‌ខ្ជាយ​បង្ហិន​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន​អស់​ទៅ។

14. ពេល​ចាយ​វាយ​ទ្រព្យ‌សម្បត្តិ​អស់​ហើយ ជួន​ជា​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក កូន​ពៅ​នោះ​ចាប់​ផ្ដើម​ខ្វះ​ខាត។

15. គាត់​ក៏​ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុក​ម្នាក់ គេ​ប្រើ​គាត់​ឲ្យ​មើល​ជ្រូក​តាម​ស្រែ​ចម្ការ។

16. គាត់​ចង់​ចំអែត​ក្រពះ​នឹង​ចំណី​ដែល​គេ​ដាក់​ឲ្យ​ជ្រូក​ស៊ី​នោះ​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​បរិភោគ​ឡើយ។

17. ពេល​នោះ កូន​ពៅ​ភ្ញាក់​ខ្លួន ហើយ​រិះគិត​ក្នុង​ចិត្ត​ថា “អ្នក​បម្រើ​របស់​ឪពុក​អញ​សុទ្ធ​តែ​មាន​ម្ហូប​អាហារ​បរិភោគ​ហូរ‌ហៀរ​ទាំង​អស់​គ្នា រីឯ​នៅ​ទី​នេះ​វិញ អញ​សឹង​តែ​ដាច់​ពោះ​ស្លាប់។

សូមអានជំពូកពេញលេញ លូកា 15