គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 15:15-29 Khmer Standard Version (KHSV)

15. គាត់​ក៏​ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុក​ម្នាក់ គេ​ប្រើ​គាត់​ឲ្យ​មើល​ជ្រូក​តាម​ស្រែ​ចម្ការ។

16. គាត់​ចង់​ចំអែត​ក្រពះ​នឹង​ចំណី​ដែល​គេ​ដាក់​ឲ្យ​ជ្រូក​ស៊ី​នោះ​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​បរិភោគ​ឡើយ។

17. ពេល​នោះ កូន​ពៅ​ភ្ញាក់​ខ្លួន ហើយ​រិះគិត​ក្នុង​ចិត្ត​ថា “អ្នក​បម្រើ​របស់​ឪពុក​អញ​សុទ្ធ​តែ​មាន​ម្ហូប​អាហារ​បរិភោគ​ហូរ‌ហៀរ​ទាំង​អស់​គ្នា រីឯ​នៅ​ទី​នេះ​វិញ អញ​សឹង​តែ​ដាច់​ពោះ​ស្លាប់។

18. អញ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​រក​ឪពុក​អញ​វិញ ហើយ​ជម្រាប​គាត់​ថា លោក​ឪពុក កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​លោក​ឪពុក​ដែរ។

19. មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ សូម​លោក​ឪពុក​ចាត់​ទុក​កូន​ជា​អ្នក​បម្រើ​ចុះ”។

20. លុះ​គិត​ដូច្នោះ​ហើយ កូន​ពៅ​ក៏​វិល​ត្រឡប់​ទៅ​រក​ឪពុក​វិញ។ កាល​ឪពុក​ឃើញ​កូន​ពី​ចម្ងាយ គាត់​មាន​ចិត្ត​អាណិត​អាសូរ​ក្រៃ‌លែង ក៏​រត់​ទៅ​ទទួល​កូន ហើយ​ឱប​ថើប​ទៀត​ផង។

21. កូន​ពៅ​ជម្រាប​ឪពុក​ថា “លោក​ឪពុក កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​លោក​ឪពុក​ដែរ មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ”។

22. ឪពុក​ប្រាប់​ពួក​អ្នក​បម្រើ​ថា “ចូរ​ទៅ​យក​សម្លៀក‌បំពាក់​ល្អៗ​បំផុត មក​ពាក់​ឲ្យ​កូន​ខ្ញុំ​ជា​ប្រញាប់ ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង មក​ពាក់​ឲ្យ​ផង។

23. ចូរ​យក​កូន​គោ​ដែល​យើង​បាន​បំប៉ន​ទុក មក​កាប់​ជប់‌លៀង​ឲ្យ​សប្បាយ​ចុះ

24. ដ្បិត​កូន​ខ្ញុំ​នេះ​បាន​ស្លាប់​ទៅ​ហើយ តែ​ឥឡូវ​រស់​ឡើង​វិញ វា​វង្វេង​បាត់ តែ​ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ គេ​នាំ​គ្នា​ជប់‌លៀង​យ៉ាង​សប្បាយ។

25. ពេល​នោះ កូន​ច្បង​នៅ​ឯ​ចម្ការ។ កាល​គាត់​ត្រឡប់​មក​ជិត​ដល់​ផ្ទះ​វិញ ឮ​ស្នូរ​តូរ្យ​តន្ត្រី និង​ចម្រៀង​របាំ

26. គាត់​ហៅ​អ្នក​បម្រើ​ម្នាក់​មក​សួរ​ថា មាន​ការ​អ្វី​កើត​ឡើង។

27. អ្នក​បម្រើ​ឆ្លើយ​ថា “ប្អូន​លោក​ត្រឡប់​មក​វិញ​ហើយ។ ឪពុក​របស់​លោក​ឲ្យ​គេ​កាប់​កូន​គោ​ដែល​យើង​បំប៉ន​នោះ ព្រោះ​កូន​ពៅ​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត”។

28. កូន​ច្បង​ខឹង​ណាស់​មិន​ព្រម​ចូល​ផ្ទះ​ទេ ឪពុក​ចេញ​មក​អង្វរ​ឲ្យ​ចូល។

29. កូន​ច្បង​និយាយ​ទៅ​ឪពុក​ថា “ខ្ញុំ​បាន​នៅ​បម្រើ​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​មិន​ដែល​ធ្វើ​ខុស​នឹង​បទ‌បញ្ជា​របស់​លោក​ត្រង់​ណា​ឡើយ តែ​លោក​មិន​ដែល​ឲ្យ​កូន​ពពែ ដើម្បី​ឲ្យ​ខ្ញុំ​កាប់​ជប់‌លៀង​ជា​មួយ​មិត្ត‌ភក្ដិ​ទាល់​តែ​សោះ សូម្បី​តែ​មួយ​ក៏​មិន​ដែល​ផង។

សូមអានជំពូកពេញលេញ លូកា 15