គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 14:23-35 Khmer Standard Version (KHSV)

23. ម្ចាស់​ផ្ទះ​ប្រាប់​ទៅ​អ្នក​បម្រើ​ទៀត​ថា “ចូរ​ទៅ​តាម​ផ្លូវ​ស្រុក​ស្រែ តាម​កៀន​របង ហើយ​បង្ខំ​មនុស្ស‌ម្នា​ឲ្យ​ចូល​មក​ពេញ​ផ្ទះ​ខ្ញុំ។

24. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​កាល​ពី​មុន​នោះ គ្មាន​នរណា​ម្នាក់​បាន​បរិភោគ​ក្នុង​ពិធី​ជប់‌លៀង​របស់​ខ្ញុំ​ឡើយ!”»។

25. មាន​មហា‌ជន​ជា​ច្រើន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ‌យេស៊ូ។ ព្រះ‌អង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖

26. «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ តែ​មិន​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​ឪពុក‌ម្ដាយ ប្រពន្ធ កូន បង‌ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។

27. អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ដែរ។

28. ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​នរណា​ម្នាក់​ចង់​សង់​ផ្ទះ​ថ្ម​ធំ​មួយ អ្នក​នោះ​ត្រូវ​អង្គុយ​គិត‌គូរ​មើល​ថ្លៃ​សង់​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ថា តើ​ខ្លួន​មាន​ប្រាក់​ល្មម​នឹង​បង្ហើយ​សំណង់ ឬ​យ៉ាង​ណា

29. ក្រែង​លោ​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន មនុស្ស‌ម្នា​ឃើញ មុខ​ជា​សើច​ចំអក​ឲ្យ​មិន​ខាន។

30. គេ​នឹង​ពោល​ថា “មើល​បុរស​នេះ​សង់​ផ្ទះ តែ​មិន​អាច​បង្ហើយ​បាន​ទេ!”។

31. ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​អង្គ​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម តទល់​នឹង​ស្ដេច​មួយ​អង្គ​ទៀត ទ្រង់​ត្រូវ​គង់​គិត‌គូរ​ជា​មុន​សិន​ថា បើ​ទ្រង់​មាន​ទ័ព​មួយ​ម៉ឺន​នាក់ តើ​ទ្រង់​អាច​តទល់​នឹង​បច្ចា‌មិត្ត​ដែល​មាន​គ្នា​ពីរ​ម៉ឺន​នាក់​បាន​ឬ​យ៉ាង​ណា

32. បើ​ឃើញ​ថា​មិន​អាច​តទល់​បាន​ទេ នោះ​ទ្រង់​នឹង​ចាត់​រាជ‌ទូត​ឲ្យ​ទៅ​សុំ​ចរចា​រក​សន្តិ‌ភាព ក្នុង​ពេល​ដែល​ស្ដេច​មួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។

33. ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ‌បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស*​របស់​ខ្ញុំ​បាន​ឡើយ»។

34. «អំបិល​ជា​របស់​មួយ​សំខាន់​ណាស់។ ប៉ុន្តែ បើ​វា​បាត់​ជាតិ​ប្រៃ​ហើយ តើ​ធ្វើ​ម្ដេច​នឹង​ឲ្យ​វា​ប្រៃ​វិញ​បាន?

35. វា​គ្មាន​សារ​ប្រយោជន៍​អ្វី​ទៀត​ទេ ទោះ​បី​យក​ទៅ​លាយ​ដី ឬ​លាយ​ជី ក៏​មិន​កើត​ដែរ មាន​តែ​ចាក់​ចោល​ទៅ​ខាង​ក្រៅ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

សូមអានជំពូកពេញលេញ លូកា 14