គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 14:11-25 Khmer Standard Version (KHSV)

11. អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។

12. បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក ដែល​បាន​យាង​ព្រះ‌អង្គ​មក​សោយ​ព្រះ‌ស្ងោយ​នោះ​ថា៖ «កាល​ណា​អ្នក​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ទោះ​បី​ថ្ងៃ​ត្រង់​ក្ដី ល្ងាច​ក្ដី កុំ​អញ្ជើញ​មិត្ត‌ភក្ដិ បង‌ប្អូន ញាតិ‌សន្ដាន​របស់​អ្នក ឬ​អ្នក​ជិត​ខាង ដែល​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ​នោះ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​អញ្ជើញ​អ្នក​តប​ស្នង​វិញ​បាន។

13. ផ្ទុយ​ទៅ​វិញ ពេល​ណា​អ្នក​ធ្វើ​ពិធី​ជប់‌លៀង​ត្រូវ​អញ្ជើញ​អ្នក​ក្រីក្រ មនុស្ស​ពិការ ខ្វិន​ខ្វាក់។

14. ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភមង្គល​ជា​មិន​ខាន ដ្បិត​អ្នក​ទាំង​នោះ​ពុំ​អាច​តប​ស្នង​អ្នក​បាន​ឡើយ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​ដែល​នឹង​តប​ស្នង​ជូន​អ្នក នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។

15. ក្រោយ​បាន​ឮ​ព្រះ‌បន្ទូល​ទាំង​នេះ​ហើយ បុរស​ម្នាក់​ដែល​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌យេស៊ូ ទូល​ព្រះ‌អង្គ​ថា៖ «អ្នក​ណា​បាន​ចូល​រួម​ពិធី​ជប់‌លៀង​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ប្រាកដ​ជា​មាន​សុភមង្គល*​ហើយ!»។

16. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មាន​បុរស​ម្នាក់​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ហើយ​លោក​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន។

17. លុះ​ដល់​ម៉ោង​ជប់‌លៀង លោក​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រាប់​ភ្ញៀវ​ថា “ម្ហូប​អាហារ​បាន​រៀបចំ​ស្រេច​ហើយ សូម​អញ្ជើញ​មក!”។

18. ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​ដោះ‌សា​បន្ដ​បន្ទាប់​គ្នា ម្នាក់​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​ដី​ចម្ការ​មួយ​កន្លែង ខ្ញុំ​ត្រូវ​តែ​ចេញ​ទៅ​មើល​ឥឡូវ​នេះ សូម​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង”។

19. ម្នាក់​និយាយ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​គោ​ប្រាំ​នឹម ខ្ញុំ​ត្រូវ​តែ​ទៅ​ទឹម​វា​សាក​ល​មើល​សូម​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង”។

20. ម្នាក់​ទៀត​ពោល​ថា “ខ្ញុំ​ទើប​នឹង​រៀប‌ការ​ប្រពន្ធ ខ្ញុំ​ពុំ​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​បាន​ឡើយ”។

21. អ្នក​បម្រើ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ ហើយ​ជម្រាប​លោក​តាម​ដំណើរ​រឿង។ ម្ចាស់​ផ្ទះ​ក៏​ខឹង លោក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា “ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ទី​ផ្សារ ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង ហើយ​ប្រមូល​មនុស្ស​ក្រីក្រ មនុស្ស​ពិការ និង​មនុស្ស​ខ្វាក់​ខ្វិន​មក”។

22. បន្ដិច​ក្រោយ​មក អ្នក​បម្រើ​ជម្រាប​ចៅហ្វាយ​វិញ​ថា “លោក​ម្ចាស់! ខ្ញុំ​បាទ​បាន​ធ្វើ​តាម​បង្គាប់​របស់​លោក​ហើយ តែ​កន្លែង​អង្គុយ​នៅ​មាន​សល់​ទៀត”។

23. ម្ចាស់​ផ្ទះ​ប្រាប់​ទៅ​អ្នក​បម្រើ​ទៀត​ថា “ចូរ​ទៅ​តាម​ផ្លូវ​ស្រុក​ស្រែ តាម​កៀន​របង ហើយ​បង្ខំ​មនុស្ស‌ម្នា​ឲ្យ​ចូល​មក​ពេញ​ផ្ទះ​ខ្ញុំ។

24. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​កាល​ពី​មុន​នោះ គ្មាន​នរណា​ម្នាក់​បាន​បរិភោគ​ក្នុង​ពិធី​ជប់‌លៀង​របស់​ខ្ញុំ​ឡើយ!”»។

25. មាន​មហា‌ជន​ជា​ច្រើន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ‌យេស៊ូ។ ព្រះ‌អង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖

សូមអានជំពូកពេញលេញ លូកា 14