គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 13:16-27 Khmer Standard Version (KHSV)

16. ឯ​ស្ត្រី​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ មារ​សាតាំង​បាន​ចង​នាង​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?»។

17. កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ អ្នក​ប្រឆាំង​នឹង​ព្រះ‌អង្គ​អៀន​ខ្មាស​យ៉ាង​ខ្លាំង រីឯ​បណ្ដា‌ជន​ទាំង​មូល​វិញ គេ​រីក‌រាយ​នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។

18. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បាន​ទៅ​នឹង​អ្វី​ខ្លះ? តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី?

19. ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។ គ្រាប់​នោះ​ក៏​ដុះ​ឡើង បាន​ទៅ​ជា​ដើម​ឈើ​មួយ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ នៅ​តាម​មែក​របស់​វា»។

20. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី?

21. ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​មេ​ម្សៅ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​ជា​មួយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។

22. ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​កាត់​តាម​ក្រុង តាម​ភូមិ​នានា ព្រម​ទាំង​ប្រៀន‌ប្រដៅ​អ្នក​ស្រុក​ផង។

23. មាន​បុរស​ម្នាក់​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! អ្នក​ដែល​ព្រះ‌ជាម្ចាស់​សង្គ្រោះ មាន​ចំនួន​តិច​ទេ​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖

24. «ចូរ​ខំ​ប្រឹង​ចូល​តាម​ទ្វារ​ចង្អៀត។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​មនុស្ស​ជា​ច្រើន​ខំ​ចូល​ដែរ ក៏​ប៉ុន្តែ គេ​មិន​អាច​ចូល​បាន​ឡើយ។

25. កាល​ណា​ម្ចាស់​ផ្ទះ​ក្រោក​ទៅ​បិទ​ទ្វារ​ជិត​ហើយ អ្នក​រាល់​គ្នា​នឹង​ឈរ​នៅ​ខាង​ក្រៅ គោះ​ទ្វារ​ផ្ទះ​ទាំង​អង្វរ​ថា “ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផង”។ ម្ចាស់​ផ្ទះ​នឹង​តប​មក​អ្នក​រាល់​គ្នា​ថា “យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។

26. អ្នក​រាល់​គ្នា​មុខ​ជា​ជម្រាប​លោក​ថា “យើង​ខ្ញុំ​ធ្លាប់​បរិភោគ​ជា​មួយ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ធ្លាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​នៅ​តាម​ភូមិ​ដែរ”។

27. លោក​នឹង​ប្រាប់​អ្នក​រាល់​គ្នា​វិញ​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ទៅ យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។

សូមអានជំពូកពេញលេញ លូកា 13