គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 12:42-58 Khmer Standard Version (KHSV)

42. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប៉ិន‌ប្រសប់ ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ជា​មិន​ខាន។

43. ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើ​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ អ្នក​បម្រើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល។

44. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។

45. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់” គាត់​ក៏​វាយ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី​ឯ​ទៀតៗ ហើយ​ស៊ី​ផឹក​ស្រវឹង។

46. ពេល​ម្ចាស់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​អ្នក​មិន​ជឿ​ដែរ។

47. អ្នក​បម្រើ​ណា​ស្គាល់​ចិត្ត​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន ហើយ​មិន​ធ្វើ​តាម​ចិត្ត​លោក អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។

48. ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្តិច​ទេ។ បើ​គេ​ឲ្យ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុក‌ផ្ដាក់​កិច្ចការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹង‌រឹត​តែ​ច្រើន​ថែម​ទៀត»។

49. «ខ្ញុំ​មក ដើម្បី​នាំ​ភ្លើង​មក​ផែន‌ដី។ ប្រសិន​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​ស្ងប់​ចិត្ត​ហើយ។

50. ខ្ញុំ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ម្យ៉ាង។ ខ្ញុំ​តាន‌តឹង​ក្នុង​ចិត្ត​ក្រៃ‌លែង ចង់​តែ​ឲ្យ​ពិធី​នោះ​បាន​សម្រេច​ឆាប់ៗ។

51. កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ផ្ដល់​សន្តិ‌ភាព​ឲ្យ​ផែន‌ដី​នេះ​ឡើយ គឺ​ខ្ញុំ​បាន​នាំ​ការ​បាក់​បែក​មក​ទេ​តើ។

52. ចាប់​ពី​ពេល​នេះ​ត​ទៅ ឧបមា​ថា ក្នុង​ផ្ទះ​មួយ​មាន​គ្នា​ប្រាំ​នាក់ អ្នក​ទាំង​ប្រាំ​នឹង​ត្រូវ​បាក់​បែក​គ្នា គឺ​បី​នាក់​បែក​ចេញ​ពី​ពីរ​នាក់ ពីរ​នាក់​បែក​ចេញ​ពី​បី​នាក់

53. ឪពុក​នឹង​បែក​ចេញ​ពី​កូន​ប្រុស កូន​ប្រុស​បែក​ចេញ​ពី​ឪពុក ម្ដាយ​បែក​ចេញ​ពី​កូន​ស្រី កូន​ស្រី​បែក​ចេញ​ពី​ម្ដាយ ម្ដាយ‌ក្មេក​បែក​ចេញ​ពី​កូន​ប្រសា​ស្រី កូន​ប្រសា​ស្រី​បែក​ចេញ​ពី​ម្ដាយ‌ក្មេក»។

54. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​រសាត់​ពី​ទិស​ខាង​លិច​មក អ្នក​រាល់​គ្នា​ពោល​ភ្លាម​ថា​ជិត​ភ្លៀង​ហើយ ហើយ​ក៏​ភ្លៀង​មែន។

55. កាល​ណា​មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង អ្នក​រាល់​គ្នា​ថា​មុខ​ជា​ក្ដៅ​ហើយ ហើយ​ក៏​ក្ដៅ​មែន។

56. មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ចេះ​យល់​ហេតុ‌ការណ៍​ផ្សេងៗ​នៅ​លើ​ផែន‌ដី និង​នៅ​លើ​មេឃ​បាន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពុំ​យល់​ហេតុ‌ការណ៍ នា​សម័យ​បច្ចុប្បន្ន​នេះ​ផង?»។

57. «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ពិចារណា​ដោយ​ខ្លួន​ឯង នូវ​អំពើ​សុចរិត​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត?

58. ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូ‌វិវាទ នៅ​តាម​ផ្លូវ អ្នក​ត្រូវ​ខំ​សម្រុះ‌សម្រួល​ជា​មួយ​អ្នក​នោះ​ឲ្យ​ហើយ​ទៅ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ដល់​នគរ‌បាល នគរ‌បាល​បញ្ជូន​អ្នក​ទៅ​ចៅ‌ក្រម ហើយ​ចៅ‌ក្រម​យក​អ្នក​ទៅ​ដាក់​គុក។

សូមអានជំពូកពេញលេញ លូកា 12