គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 12:36-51 Khmer Standard Version (KHSV)

36. ចូរ​ប្រព្រឹត្ត​ឲ្យ​បាន​ដូច​ពួក​អ្នក​បម្រើ ដែល​រង់‌ចាំ​ម្ចាស់​វិល​ត្រឡប់​មក​ពី​ជប់‌លៀង​វិញ គឺ​នៅ​ពេល​មក​ដល់​លោក​គោះ​ទ្វារ អ្នក​បម្រើ​ទៅ​បើក​ជូន​ភ្លាម។

37. ពេល​ម្ចាស់​ត្រឡប់​មក​ដល់ ឃើញ​អ្នក​បម្រើ​ណា​នៅ​រង់‌ចាំ​លោក អ្នក​បម្រើ​នោះ​មាន​សុភមង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លោក​នឹង​ឲ្យ​អ្នក​បម្រើ​អង្គុយ​បរិភោគ ហើយ​លោក​រៀបចំ​ខ្លួន​បម្រើ​គេ​វិញ។

38. បើ​លោក​វិល​មក​វិញ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ឬ​ជិត​ភ្លឺ ហើយ​ឃើញ​អ្នក​បម្រើ​ទាំង​នោះ​នៅ​រង់‌ចាំ​ដូច្នេះ ពួក​គេ​ប្រាកដ​ជា​មាន​សុភមង្គល។

39. អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​នឹង​មិន​បណ្ដោយ​ឲ្យ​វា​ចូល​មក​ក្នុង​ផ្ទះ​គាត់​បាន​ឡើយ។

40. រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រៀម​ខ្លួន​ជា‌និច្ច ដ្បិត​បុត្រ​មនុស្ស*​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។

41. លោក​ពេត្រុស​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ សម្រាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​តែ​ប៉ុណ្ណោះ ឬ​មួយ​សម្រាប់​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប​ដែរ?»។

42. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប៉ិន‌ប្រសប់ ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ជា​មិន​ខាន។

43. ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើ​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ អ្នក​បម្រើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល។

44. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។

45. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់” គាត់​ក៏​វាយ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី​ឯ​ទៀតៗ ហើយ​ស៊ី​ផឹក​ស្រវឹង។

46. ពេល​ម្ចាស់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​អ្នក​មិន​ជឿ​ដែរ។

47. អ្នក​បម្រើ​ណា​ស្គាល់​ចិត្ត​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន ហើយ​មិន​ធ្វើ​តាម​ចិត្ត​លោក អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។

48. ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្តិច​ទេ។ បើ​គេ​ឲ្យ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុក‌ផ្ដាក់​កិច្ចការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹង‌រឹត​តែ​ច្រើន​ថែម​ទៀត»។

49. «ខ្ញុំ​មក ដើម្បី​នាំ​ភ្លើង​មក​ផែន‌ដី។ ប្រសិន​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​ស្ងប់​ចិត្ត​ហើយ។

50. ខ្ញុំ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ម្យ៉ាង។ ខ្ញុំ​តាន‌តឹង​ក្នុង​ចិត្ត​ក្រៃ‌លែង ចង់​តែ​ឲ្យ​ពិធី​នោះ​បាន​សម្រេច​ឆាប់ៗ។

51. កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ផ្ដល់​សន្តិ‌ភាព​ឲ្យ​ផែន‌ដី​នេះ​ឡើយ គឺ​ខ្ញុំ​បាន​នាំ​ការ​បាក់​បែក​មក​ទេ​តើ។

សូមអានជំពូកពេញលេញ លូកា 12