គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 12:1-8 Khmer Standard Version (KHSV)

1. ខណៈ​នោះ មាន​មហា‌ជន​រាប់​ម៉ឺន​នាក់​ជួប‌ជុំ​គ្នា​ណែន‌ណាន់​តាន់‌តាប់ ស្ទើរ​តែ​ដើរ​ជាន់​គ្នា។ មុន​ដំបូង ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស*​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ‌ផារីស៊ី គឺ​ពុត‌ត្បុត​របស់​គេ។

2. ការ​លាក់​កំបាំង​ទាំង​អស់​នឹង​ត្រូវ​លាត​ត្រដាង​ឲ្យ​គេ​ឃើញ ហើយ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ក៏​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង​ដែរ។

3. ហេតុ​នេះ​ហើយ​បាន​ជា​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​ក្នុង​ទី‌ងងឹត មុខ​ជា​គេ​ឮ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខ្សឹប​ដាក់​ត្រចៀក​នរណា​ម្នាក់​នៅ​ក្នុង​បន្ទប់ មុខ​ជា​ត្រូវ​អ្នក​ដទៃ​យក​ទៅ​ប្រកាស​យ៉ាង​ខ្លាំង​នៅ​លើ​ដំបូល​ផ្ទះ​មិន​ខាន។

4. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​ថា ចូរ​កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​មិន​អាច​ធ្វើ​អ្វី​ដល់​អ្នក​រាល់​គ្នា​ថែម​ទៀត​នោះ​ឡើយ។

5. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​នរណា គឺ​ត្រូវ​ខ្លាច​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះ‌អង្គ​មាន​អំណាច​ផ្ដាច់​ជីវិត ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​នរក​ថែម​ទៀត​ផង។ មែន! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​ព្រះ‌អង្គ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច។

6. ធម្មតា គេ​លក់​ចាប​ប្រាំ​ថ្លៃ​ពីរ​សេន ទោះ​បី​ថោក​យ៉ាង​នេះ​ក៏​ដោយ ក៏​ព្រះ‌ជាម្ចាស់​ឥត​ភ្លេច​ចាប​ណា​មួយ​សោះ​ឡើយ។

7. សូម្បី​តែ​សក់​នៅ​លើ​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​ព្រះ‌អង្គ​រាប់​អស់​ដែរ។ ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ជា​ច្រើន​ទៅ​ទៀត។

8. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រ​មនុស្ស*​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា*​របស់​ព្រះ‌ជាម្ចាស់​ដែរ។

សូមអានជំពូកពេញលេញ លូកា 12