គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 11:22-42 Khmer Standard Version (KHSV)

22. ប៉ុន្តែ បើ​មាន​ម្នាក់​ទៀត​ខ្លាំង​ពូកែ​ជាង មក​វាយ​យក​ជ័យ‌ជំនះ​បាន គេ​នឹង​ដក​ហូត​គ្រឿង​អាវុធ ព្រម​ទាំង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​នោះ យក​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង​ថែម​ទៀត​ផង។

23. អ្នក​ណា​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កំចាត់‌កំចាយ។

24. កាល​បើ​អារក្ស​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជម្រក​នៅ​វាល​ហួត‌ហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ នោះ​វា​មុខ​ជា​និយាយ​ថា “អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​ដែល​អញ​ទើប​នឹង​ចេញ​មក”។

25. លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​បោស​ស្អាត ហើយ​តុប‌តែង​ល្អ

26. វា​នឹង​ចេញ​ទៅ​បបួល​អារក្ស​ប្រាំ‌ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា មក​ចូល​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត»។

27. កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​ស្ត្រី​ម្នាក់​បន្លឺ​សំឡេង​ចេញ​ពី​ចំណោម​បណ្ដា‌ជន ទូល​ព្រះ‌អង្គ​ថា៖ «ស្ត្រី​ដែល​បាន​បង្កើត​លោក ព្រម​ទាំង​បាន​បំបៅ​លោក ពិត​ជា​មាន​សុភមង្គល*​មែន!»។

28. ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​អនុវត្ត​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភមង្គល​ពិត​មែន»។

29. ខណៈ​នោះ មហា‌ជន​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។

30. លោក​យ៉ូណាស​បាន​ធ្វើ​ជា​ទី​សម្គាល់​ឲ្យ​អ្នក​ក្រុង​នីនីវេ​ឃើញ​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ធ្វើ​ជា​ទី​សម្គាល់​ឲ្យ​មនុស្ស​ជំនាន់​នេះ​ឃើញ​យ៉ាង​នោះ​ដែរ។

31. នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា‌ក្សត្រីយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះ‌នាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែន‌ដី ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ស្ដេច​សាឡូម៉ូន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​ស្ដេច​សាឡូម៉ូន​ទៅ​ទៀត។

32. នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​ពួក​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម អ្នក​ក្រុង​នីនីវេ​បាន​កែ​ប្រែ​ចិត្ត​គំនិត នៅ​ពេល​ឮ​សេចក្ដី​ដែល​លោក​យ៉ូណាស​ប្រកាស។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​លោក​យ៉ូណាស​ទៅ​ទៀត!»។

33. «ពុំ​ដែល​មាន​នរណា​អុជ​ចង្កៀង យក​ទៅ​លាក់​ទុក ឬ​យក​ធុង​គ្រប​ពី​លើ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ។

34. ភ្នែក​ជា​ចង្កៀង​របស់​រូប​កាយ បើ​ភ្នែក​អ្នក​នៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺ​ដែរ តែ​បើ​ភ្នែក​អ្នក​ងងឹត​វិញ រូប​កាយ​អ្នក​ក៏​ងងឹត​ដែរ។

35. ហេតុ​នេះ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​ខ្លួន​អ្នក ត្រឡប់​ទៅ​ជា​ភាព​ងងឹត​ឡើយ។

36. ប្រសិន​បើ​រូប​កាយ​របស់​អ្នក​ទាំង​មូល​មាន​ពន្លឺ ឥត​ងងឹត​ត្រង់​ណា​ទេ​នោះ រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច ដូច​ចង្កៀង​បំភ្លឺ​អ្នក​ដែរ»។

37. កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី* បាន​សូម​យាង​ព្រះ‌អង្គ​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​គាត់។ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​រួម​តុ​ជា​មួយ​គាត់។

38. អ្នក​ខាង​គណៈ‌ផារីស៊ី​នោះ​ងឿង‌ឆ្ងល់​ក្រៃ‌លែង ព្រោះ​ឃើញ​ព្រះ‌យេស៊ូ​មិន​លាង​ព្រះ‌ហស្ដ​មុន​ពេល​សោយ។

39. ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ពួក​ផារីស៊ី​អើយ​អ្នក​រាល់​គ្នា​សម្អាត​ពែង និង​ចាន តែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត​កេង‌ប្រវ័ញ្ច និង​គំនិត​អាក្រក់។

40. មនុស្ស​ឆោត​ល្ងង់​អើយ! ព្រះ‌ជាម្ចាស់​បាន​បង្កើត​ខាង​ក្រៅ តើ​ព្រះ‌អង្គ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ?

41. ចូរ​យក​អ្វីៗ​នៅ​ក្នុង​ចាន ធ្វើ​ទាន​ដល់​ជន​ក្រីក្រ​ទៅ នោះ​ប្រដាប់​ប្រដា​ទាំង​អស់ នឹង​បាន​ស្អាត​បរិសុទ្ធ* សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ប្រើ‌ប្រាស់។

42. ពួក​ផារីស៊ី​អើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​យក​ជីរ‌អង្កាម ជីរ‌លីងល័ខ និង​បន្លែ​គ្រប់​មុខ មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ប៉ុន្តែ អ្នក​រាល់​គ្នា​ធ្វេស‌ប្រហែស​មិន​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត* ហើយ​មិន​បាន​ស្រឡាញ់​ព្រះ‌អង្គ​ឡើយ គឺ​ការ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត ឯ​ការណ៍​ដទៃ​ទៀត​ក៏​អ្នក​រាល់​គ្នា​មិន​ត្រូវ​បំភ្លេច​ចោល​ដែរ។

សូមអានជំពូកពេញលេញ លូកា 11