គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 11:11-26 Khmer Standard Version (KHSV)

11. ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​ត្រី​មិន​ដែល​មាន​ឪពុក​ណា​យក​ពស់​អសិរ‌ពិស​ឲ្យ​វា​ទេ

12. បើ​កូន​សុំ​ពង​មាន់ ក៏​មិន​ដែល​មាន​ឪពុក​ណា​យក​ខ្យា‌ដំរី​ឲ្យ​វា​ដែរ។

13. សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តើ​ព្រះ‌អង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ឲ្យ​អស់​អ្នក​ដែល​ទូល​សូម​ពី​ព្រះ‌អង្គ​យ៉ាង​ណា​ទៅ​ទៀត»។

14. ព្រះ‌យេស៊ូ​កំពុង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្ស គ​ម្នាក់។ លុះ​អារក្ស​ចេញ​ផុត​ទៅ មនុស្ស​គ​នោះ​និយាយ​បាន ហើយ​មហា‌ជន​ក៏​ស្ងើច​សរសើរ​ក្រៃ‌លែង។

15. ប៉ុន្តែ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​បាន​ដូច្នេះ ព្រោះ​បេលសេ‌ប៊ូល​ជា​ស្ដេច​អារក្ស​បាន​ប្រគល់​អំណាច​ឲ្យ​គាត់»។

16. មាន​អ្នក​ខ្លះ​ទៀត​ចង់​ចាប់​កំហុស​ព្រះ‌អង្គ ក៏​សូម​ឲ្យ​ព្រះ‌អង្គ​សម្តែង​ទី​សម្គាល់​មួយ បញ្ជាក់​ថា ព្រះ‌អង្គ​បាន​ទទួល​អំណាច​មក​ពី​ព្រះ‌ជាម្ចាស់។

17. ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​ជា​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​មុខ​ជា​រលំ​សង្កត់​លើ​គ្នា​មិន​ខាន។

18. យ៉ាង​ណា‌មិញ ប្រសិន​បើ​មារ​សាតាំង*​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង ធ្វើ​ម្ដេច​នឹង​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត‌ស្ថេរ​បាន! ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស​ដោយ​អំណាច​បេលសេ‌ប៊ូល។

19. ប្រសិន​បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​អំណាច​បេលសេ‌ប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ​អំណាច​នរណា​វិញ? ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។

20. ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ នោះ​បាន​សេចក្ដី​ថា ព្រះ‌រាជ្យ*​របស់​ព្រះ‌អង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។

21. បើ​មនុស្ស​ណា​ម្នាក់​ខ្លាំង​ពូកែ មាន​អាវុធ​ការពារ​ផ្ទះ​របស់​ខ្លួន ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​បាន​គង់‌វង្ស។

22. ប៉ុន្តែ បើ​មាន​ម្នាក់​ទៀត​ខ្លាំង​ពូកែ​ជាង មក​វាយ​យក​ជ័យ‌ជំនះ​បាន គេ​នឹង​ដក​ហូត​គ្រឿង​អាវុធ ព្រម​ទាំង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​នោះ យក​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង​ថែម​ទៀត​ផង។

23. អ្នក​ណា​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កំចាត់‌កំចាយ។

24. កាល​បើ​អារក្ស​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជម្រក​នៅ​វាល​ហួត‌ហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ នោះ​វា​មុខ​ជា​និយាយ​ថា “អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​ដែល​អញ​ទើប​នឹង​ចេញ​មក”។

25. លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​បោស​ស្អាត ហើយ​តុប‌តែង​ល្អ

26. វា​នឹង​ចេញ​ទៅ​បបួល​អារក្ស​ប្រាំ‌ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា មក​ចូល​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត»។

សូមអានជំពូកពេញលេញ លូកា 11