គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 10:18-34 Khmer Standard Version (KHSV)

18. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ឃើញ​មារ​សាតាំង*​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក ដូច​ផ្លេក​បន្ទោរ។

19. ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​ដើរ​ជាន់​ពស់ និង​ខ្យា‌ដំរី ព្រម​ទាំង​បង្ក្រាប​ឫទ្ធិ‌អំណាច​គ្រប់​យ៉ាង​របស់​មារ​សត្រូវ​ផង គ្មាន​អ្វី​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​បាន​ឡើយ

20. ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កុំ​ត្រេក​អរ​នឹង​ឃើញ​វិញ្ញាណ​អាក្រក់​ចុះ​ចូល​អ្នក​រាល់​គ្នា គឺ​ត្រូវ​ត្រេក​អរ ដោយ​អ្នក​រាល់​គ្នា​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ​វិញ»។

21. ខណៈ​នោះ ព្រះ‌វិញ្ញាណ​បាន​ធ្វើ​ឲ្យ​ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​យ៉ាង​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា​ជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ជា​អម្ចាស់​នៃ​ផែន‌ដី ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ព្រោះ​ទ្រង់​បាន​សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ទ្រង់​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ មែន​ហើយ! ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្រេច​ដូច្នេះ។

22. ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ។ គ្មាន​នរណា​ស្គាល់​ព្រះ‌បុត្រា​ក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតា​ក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ស្គាល់​នោះ​ដែរ»។

23. បន្ទាប់​មក ព្រះ‌យេស៊ូ​បែរ​ទៅ​រក​សិស្ស* ហើយ​មាន​ព្រះ‌បន្ទូល​ដាច់​ឡែក​ពី​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​សុភមង្គល*​ហើយ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​អស់​នេះ!

24. ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ព្យាការី និង​ស្ដេច​ជា​ច្រើន ចង់​ឃើញ​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ ហើយ​គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​សោះ»។

25. ពេល​នោះ មាន​បណ្ឌិត​ខាង​វិន័យ​ម្នាក់​ក្រោក​ឈរ​ទូល​សួរ​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ចង់​ចាប់​កំហុស​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច?»។

26. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «តើ​ក្នុង​ក្រឹត្យ‌វិន័យ​មាន​ចែង​អ្វី​ខ្លះ? ពេល​លោក​អាន តើ​លោក​យល់​យ៉ាង​ណា?»។

27. គាត់​ទូល​ឆ្លើយ​ទៅ​ព្រះ‌យេស៊ូ​ថា៖ «ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី អស់​ពី​កម្លាំង និង​អស់​ពី​ប្រាជ្ញា ហើយ​ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។

28. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់ សុំ​ធ្វើ​ដូច្នេះ​ទៅ នោះ​លោក​នឹង​មាន​ជីវិត​អស់‌កល្ប​ជា​មិន​ខាន»។

29. ប៉ុន្តែ អាចារ្យ​នោះ​ចង់​បង្ហាញ​ថា សំណួរ​របស់​គាត់​ជា​សំណួរ​ត្រឹម​ត្រូវ គាត់​ក៏​សួរ​ព្រះ‌យេស៊ូ​ទៀត​ថា៖ «តើ​នរណា​ជា​បង‌ប្អូន​របស់​ខ្ញុំ?»។

30. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម ឆ្ពោះ​ទៅ​ក្រុង​យេរីខូ។ គាត់​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ វា​ប្លន់​គាត់ ថែម​ទាំង​វាយ‌ដំ​គាត់​ឲ្យ​របួស​ជា​ទម្ងន់ រួច​នាំ​គ្នា​រត់​បាត់​អស់​ទៅ ទុក​គាត់​ចោល​នៅ​ស្ដូក‌ស្ដឹង​បាត់​ស្មារតី​មិន​ដឹង​ខ្លួន។

31. ពេល​នោះ មាន​បូជា‌ចារ្យ*​មួយ​រូប​ធ្វើ​ដំណើរ​ចុះ​តាម​ផ្លូវ​នោះ។ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។

32. មាន​ម្នាក់​ពី​ក្រុម​លេវី*​ដើរ​មក​ដល់​កន្លែង​នោះ​ដែរ។ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។

33. គាប់​ជួន​ជា​មាន​អ្នក​ស្រុក​សាម៉ារី​ម្នាក់ ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​នោះ​ដែរ គាត់​ឃើញ​បុរស​នោះ គាត់​មាន​ចិត្ត​អាណិត​អាសូរ​ពន់​ពេក​ណាស់។

34. គាត់​ចូល​ទៅ​ជិត​អ្នក​របួស យក​ប្រេង និង​ស្រា ចាក់​ពី​លើ​មុខ​របួស រុំ​របួស​ឲ្យ រួច​គាត់​លើក​អ្នក​របួស​ដាក់​លើ​ជំនិះ​របស់​គាត់ នាំ​ទៅ​ផ្ទះ​សំណាក់ ហើយ​ថែ​ទាំ​អ្នក​របួស​នោះ។

សូមអានជំពូកពេញលេញ លូកា 10