គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 10:1-11 Khmer Standard Version (KHSV)

1. ក្រោយ​មក ព្រះ‌អម្ចាស់​ជ្រើស​យក​សិស្ស*​ចិត‌សិប​ពីរ​រូប​ទៀត ហើយ​ចាត់​គេ​ពីរៗ​នាក់​ឲ្យ​ទៅ​តាម​ភូមិ តាម​ស្រុក​នានា ដែល​ព្រះ‌អង្គ​បម្រុង​នឹង​យាង​ទៅ។

2. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែ​ឲ្យ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក។

3. ចូរ​នាំ​គ្នា​ទៅ​ចុះ! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដូច​ឲ្យ​កូន​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។

4. កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​ជម្រាប​សួរ​អ្នក​ណា​តាម​ផ្លូវ​ដែរ។

5. ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ មុន​ដំបូង​ត្រូវ​ពោល​ថា “សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត ដល់​មនុស្ស​ក្នុង​ផ្ទះ​នេះ”។

6. បើ​នៅ​ក្នុង​ផ្ទះ​នោះ​មាន​មនុស្ស​ណា​ចូល​ចិត្ត​សេចក្ដី​សុខ‌សាន្ត នោះ​គេ​នឹង​បាន​សុខ‌សាន្ត ដូច​ពាក្យ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ បើ​គ្មាន​អ្នក​ណា​ចូល​ចិត្ត​សេចក្ដី​សុខ‌សាន្ត​ទេ សេចក្ដី​សុខ‌សាន្ត​នឹង​វិល​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ។

7. ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​ជូន​អ្នក​រាល់​គ្នា​ចុះ ព្រោះ​អ្នក​ធ្វើ​ការ​តែងតែ​ទទួល​ប្រាក់​ឈ្នួល។ មិន​ត្រូវ​ចេញ​ពី​ផ្ទះ​មួយ​ទៅ​នៅ​ផ្ទះ​មួយ​ទៀត​ឡើយ។

8. បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា ហើយ​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ត្រូវ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​រៀប​ជូន​ចុះ។

9. ត្រូវ​ប្រោស​អ្នក​ជំងឺ​ក្នុង​ភូមិ​នោះ​ឲ្យ​បាន​ជា ហើយ​ប្រាប់​អ្នក​ភូមិ​ថា: “ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ជិត​អ្នក​រាល់​គ្នា​ហើយ”។

10. ប៉ុន្តែ កាល​បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា​មួយ ហើយ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា​ទេ ត្រូវ​ចេញ​ទៅ​ប្រកាស​តាម​ទី‌ផ្សារ​ថា:

11. “សូម្បី​តែ​ធូលី​ដី​ដែល​ជាប់​ជើង​យើង ក៏​យើង​រលាស់​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ដែរ ប៉ុន្តែ សូម​ជ្រាប​ថា ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​មក​ជិត​បង្កើយ​ហើយ”។

សូមអានជំពូកពេញលេញ លូកា 10