គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 1:3-12 Khmer Standard Version (KHSV)

3. ខ្ញុំ​បាន​ពិនិត្យ​ហេតុ‌ការណ៍​ទាំង​នោះ តាំង​ពី​ដើម​រៀង​មក​យ៉ាង​ហ្មត់‌ចត់ ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា គួរ​តែ​កត់‌ត្រា​ទុក តាម​លំដាប់‌លំដោយ ផ្ញើ​មក​ជូន​លោក។

4. ខ្ញុំ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​ចង់​ឲ្យ​លោក​ជ្រាប​ថា សេចក្ដី​ប្រៀន‌ប្រដៅ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ទទួល ពិត​ជា​ត្រឹម​ត្រូវ​មែន។

5. នៅ​គ្រា​ដែល​ព្រះ‌បាទ​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជា‌ចារ្យ*​មួយ​រូប ឈ្មោះ​សាការី ជា​សមាជិក​ក្រុម​បូជា‌ចារ្យ​អប៊ី‌យ៉ា ភរិយា​លោក​ឈ្មោះ​អេលី‌សាបិត កើត​ក្នុង​ត្រកូល​របស់​លោក​មហា​បូជា‌ចារ្យ*​អើរ៉ុន

6. ស្វាមី‌ភរិយា​ទាំង​ពីរ​រូប​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​គាត់​គោរព​តាម​បទ‌បញ្ជា និង​ឱវាទ​របស់​ព្រះ‌អម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។

7. អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀត អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។

8. ថ្ងៃ​មួយ លោក​សាការី​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ តាម​វេន​ក្រុម​របស់​លោក។

9. គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម‌ទម្លាប់​របស់​ក្រុម​បូជា‌ចារ្យ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់។

10. ពេល​លោក​ដុត​គ្រឿង​ក្រអូប ប្រជា‌ជន​ច្រើន​កុះ‌ករ​នៅ​ខាង​ក្រៅ​កំពុង​អធិស្ឋាន*។

11. រំពេច​នោះ លោក​សាការី​ឃើញ​ទេវតា*​របស់​ព្រះ‌អម្ចាស់​មួយ​រូប ឈរ​នៅ​ខាង​ស្ដាំ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប។

12. ឃើញ​ដូច្នោះ លោក​រន្ធត់​ចិត្ត ហើយ​ភ័យ​ខ្លាច​ទៀត​ផង។

សូមអានជំពូកពេញលេញ លូកា 1