គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 1:29-44 Khmer Standard Version (KHSV)

29. ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះគិត​ក្នុង​ចិត្ត​ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច?

30. ទេវតា​ពោល​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារី​អើយ! ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង​ហើយ។

31. នាង​នឹង​មាន​គភ៌ សម្រាល​បាន​បុត្រ​មួយ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា“យេស៊ូ”។

32. បុត្រ​នោះ​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម ហើយ​គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា “ព្រះ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត”។ ព្រះ‌ជាម្ចាស់​នឹង​តាំង​បុត្រ​នោះ​ឲ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌អង្គ

33. ទ្រង់​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល អស់‌កល្ប​ជា‌និច្ច ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​នៅ​ស្ថិត‌ស្ថេរ ឥត​មាន​ទី​បញ្ចប់​ឡើយ»។

34. នាង​ម៉ារី​សួរ​ទៅ​ទេវតា​ថា៖ «តើ​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​ការ​នេះ​កើត​ឡើង​បាន បើ​នាង​ខ្ញុំ​មិន​រួម​រស់​ជា​មួយ​បុរស​ណា​ផង​ដូច្នេះ?»។

35. ទេវតា*​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​នឹង​យាង​មក​សណ្ឋិត​លើ​នាង គឺ​ឫទ្ធា‌នុភាព​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង។ ហេតុ​នេះ គេ​នឹង​ថ្វាយ​ព្រះ‌នាម​ដល់​បុត្រ​ដ៏‌វិសុទ្ធ ដែល​ត្រូវ​ប្រសូត​មក​នោះ​ថា “ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់”។

36. ម្យ៉ាង​ទៀត នាង​អេលី‌សាបិត ជា​ញាតិ​របស់​នាង មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ ថ្វី‌ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់ ថែម​ទាំង​ជា​ស្ត្រី​អារ​ទៀត​ផង​ក៏​ដោយ

37. ព្រោះ​គ្មាន​ការ​អ្វី​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។

38. នាង​ម៉ារី​ពោល​ទៅ​ទេវតា​ថា៖ «នាង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ សូម​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ!»។ បន្ទាប់​មក ទេវតា​ចាក​ចេញ​ពី​នាង​ទៅ។

39. នៅ​គ្រា​នោះ នាង​ម៉ារី​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​មួយ នៅ​តំបន់​ភ្នំ ក្នុង​ស្រុក​យូដា។

40. នាង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​សាការី ហើយ​ជម្រាប​សួរ​នាង​អេលី‌សាបិត។

41. ពេល​នាង​អេលី‌សាបិត​ឮ​នាង​ម៉ារី​ជម្រាប​សួរ ទារក​នៅ​ក្នុង​ផ្ទៃ​នាង​បម្រះ​ឡើង ហើយ​គាត់​ក៏​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ

42. រួច​បន្លឺ​សំឡេង​ឡើង​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​នាង​លើស​ស្ត្រី​នានា ហើយ​ព្រះ‌អង្គ​ក៏​ប្រទាន​ពរ​ដល់​បុត្រ​នាង​ដែរ។

43. តើ​រូប​ខ្ញុំ​នេះ​មាន​ឋានៈ​អ្វី បាន​ជា​មាតា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ?

44. កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បម្រះ​ឡើង​ដោយ​អំណរ​សប្បាយ

សូមអានជំពូកពេញលេញ លូកា 1