គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 1:18-34 Khmer Standard Version (KHSV)

18. លោក​សាការី​សួរ​ទៅ​ទេវតា*​ថា៖ «តើ​ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​ដឹង​ថា​ការ​នោះ​ពិត​ជា​កើត​ឡើង​មែន ព្រោះ​រូប​ខ្ញុំ​នេះ​ចាស់​ហើយ រីឯ​ប្រពន្ធ​ខ្ញុំ​សោត​ក៏​មាន​អាយុ​ច្រើន​ទៀត​ផង»។

19. ទេវតា​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រី‌យ៉ែល ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​នាំ​ដំណឹង‌ល្អ​នេះ​មក​ប្រាប់​លោក

20. ប៉ុន្តែ ដោយ​លោក​ពុំ​ព្រម​ជឿ​ពាក្យ​ខ្ញុំ លោក​នឹង​ទៅ​ជា​មនុស្ស​គ និយាយ​ពុំ​កើត រហូត​ដល់​ថ្ងៃ​ដែល​ហេតុ‌ការណ៍​ទាំង​នោះ​បាន​សម្រេច​តាម​ពេល​កំណត់»។

21. ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​ទន្ទឹង​រង់‌ចាំ​លោក​សាការី ហើយ​ងឿង‌ឆ្ងល់​ណាស់ ព្រោះ​លោក​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​យូរ​ដូច្នេះ។

22. កាល​លោក​ចេញ​មក​វិញ លោក​ពុំ​អាច​និយាយ​ទៅ​គេ​បាន​ឡើយ។ ប្រជា‌ជន​ទាំង​នោះ​យល់​ថា ប្រាកដ​ជា​លោក​បាន​ឃើញ​ការ​អស្ចារ្យ​អ្វី​មួយ នៅ​ក្នុង​ទី‌សក្ការៈ​ជា​មិន​ខាន។ លោក​សាការី​ធ្វើ​តែ​កាយ‌វិការ​ឲ្យ​គេ​យល់ ព្រោះ​លោក​នៅ​គ​និយាយ​មិន​កើត។

23. លុះ​លោក​សាការី​បាន​បំពេញ​ការ‌ងារ​តាម​វេន​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

24. ក្រោយ​មក នាង​អេលី‌សាបិត ជា​ភរិយា​របស់​លោក ក៏​ចាប់​មាន​ផ្ទៃ​ពោះ នាង​លាក់​ខ្លួន​អស់​រយៈ​ពេល​ប្រាំ​ខែ។ នាង​នឹក​គិត​ថា៖

25. «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បាន​ប្រោស‌ប្រណី​ដល់​រូប​ខ្ញុំ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​លែង​ខ្មាស​មនុស្ស​លោក​ទៀត​ហើយ!»។

26. ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ចាត់​ទេវតា​កាព្រី‌យ៉ែល​ឲ្យ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ

27. ដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់​ឈ្មោះ​យ៉ូសែប ដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ ស្ត្រី​ក្រមុំ​នោះ​ឈ្មោះ នាង​ម៉ារី។

28. ទេវតា​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង​ហើយ ព្រះ‌អង្គ​គង់​ជា​មួយ​នាង»។

29. ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះគិត​ក្នុង​ចិត្ត​ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច?

30. ទេវតា​ពោល​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារី​អើយ! ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង​ហើយ។

31. នាង​នឹង​មាន​គភ៌ សម្រាល​បាន​បុត្រ​មួយ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា“យេស៊ូ”។

32. បុត្រ​នោះ​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម ហើយ​គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា “ព្រះ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត”។ ព្រះ‌ជាម្ចាស់​នឹង​តាំង​បុត្រ​នោះ​ឲ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌អង្គ

33. ទ្រង់​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល អស់‌កល្ប​ជា‌និច្ច ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​នៅ​ស្ថិត‌ស្ថេរ ឥត​មាន​ទី​បញ្ចប់​ឡើយ»។

34. នាង​ម៉ារី​សួរ​ទៅ​ទេវតា​ថា៖ «តើ​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​ការ​នេះ​កើត​ឡើង​បាន បើ​នាង​ខ្ញុំ​មិន​រួម​រស់​ជា​មួយ​បុរស​ណា​ផង​ដូច្នេះ?»។

សូមអានជំពូកពេញលេញ លូកា 1