គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 1:1-8 Khmer Standard Version (KHSV)

1. សូម​ជម្រាប​មក​ឯក‌ឧត្ដម​ថេវ‌ភីល សូម​ជ្រាប! មនុស្ស​ជា​ច្រើន​ខិត‌ខំ​យក​ចិត្ត​ទុក​ដាក់ កត់‌ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​អំបាល‌ម៉ាន ដែល​កើត​មាន​ក្នុង​ចំណោម​យើង​ខ្ញុំ។

2. អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក តាំង​ពី​ដំបូង​រៀង​មក ហើយ​ទទួល​មុខ‌ងារ​បម្រើ​ព្រះ‌បន្ទូល បាន​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​នោះ​បន្ត​មក​យើង​ខ្ញុំ។

3. ខ្ញុំ​បាន​ពិនិត្យ​ហេតុ‌ការណ៍​ទាំង​នោះ តាំង​ពី​ដើម​រៀង​មក​យ៉ាង​ហ្មត់‌ចត់ ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា គួរ​តែ​កត់‌ត្រា​ទុក តាម​លំដាប់‌លំដោយ ផ្ញើ​មក​ជូន​លោក។

4. ខ្ញុំ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​ចង់​ឲ្យ​លោក​ជ្រាប​ថា សេចក្ដី​ប្រៀន‌ប្រដៅ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ទទួល ពិត​ជា​ត្រឹម​ត្រូវ​មែន។

5. នៅ​គ្រា​ដែល​ព្រះ‌បាទ​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជា‌ចារ្យ*​មួយ​រូប ឈ្មោះ​សាការី ជា​សមាជិក​ក្រុម​បូជា‌ចារ្យ​អប៊ី‌យ៉ា ភរិយា​លោក​ឈ្មោះ​អេលី‌សាបិត កើត​ក្នុង​ត្រកូល​របស់​លោក​មហា​បូជា‌ចារ្យ*​អើរ៉ុន

6. ស្វាមី‌ភរិយា​ទាំង​ពីរ​រូប​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​គាត់​គោរព​តាម​បទ‌បញ្ជា និង​ឱវាទ​របស់​ព្រះ‌អម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។

7. អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀត អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។

8. ថ្ងៃ​មួយ លោក​សាការី​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ តាម​វេន​ក្រុម​របស់​លោក។

សូមអានជំពូកពេញលេញ លូកា 1