គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 1:1-17 Khmer Standard Version (KHSV)

1. សូម​ជម្រាប​មក​ឯក‌ឧត្ដម​ថេវ‌ភីល សូម​ជ្រាប! មនុស្ស​ជា​ច្រើន​ខិត‌ខំ​យក​ចិត្ត​ទុក​ដាក់ កត់‌ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​អំបាល‌ម៉ាន ដែល​កើត​មាន​ក្នុង​ចំណោម​យើង​ខ្ញុំ។

2. អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក តាំង​ពី​ដំបូង​រៀង​មក ហើយ​ទទួល​មុខ‌ងារ​បម្រើ​ព្រះ‌បន្ទូល បាន​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​នោះ​បន្ត​មក​យើង​ខ្ញុំ។

3. ខ្ញុំ​បាន​ពិនិត្យ​ហេតុ‌ការណ៍​ទាំង​នោះ តាំង​ពី​ដើម​រៀង​មក​យ៉ាង​ហ្មត់‌ចត់ ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា គួរ​តែ​កត់‌ត្រា​ទុក តាម​លំដាប់‌លំដោយ ផ្ញើ​មក​ជូន​លោក។

4. ខ្ញុំ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​ចង់​ឲ្យ​លោក​ជ្រាប​ថា សេចក្ដី​ប្រៀន‌ប្រដៅ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ទទួល ពិត​ជា​ត្រឹម​ត្រូវ​មែន។

5. នៅ​គ្រា​ដែល​ព្រះ‌បាទ​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជា‌ចារ្យ*​មួយ​រូប ឈ្មោះ​សាការី ជា​សមាជិក​ក្រុម​បូជា‌ចារ្យ​អប៊ី‌យ៉ា ភរិយា​លោក​ឈ្មោះ​អេលី‌សាបិត កើត​ក្នុង​ត្រកូល​របស់​លោក​មហា​បូជា‌ចារ្យ*​អើរ៉ុន

6. ស្វាមី‌ភរិយា​ទាំង​ពីរ​រូប​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​គាត់​គោរព​តាម​បទ‌បញ្ជា និង​ឱវាទ​របស់​ព្រះ‌អម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។

7. អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀត អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។

8. ថ្ងៃ​មួយ លោក​សាការី​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ តាម​វេន​ក្រុម​របស់​លោក។

9. គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម‌ទម្លាប់​របស់​ក្រុម​បូជា‌ចារ្យ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់។

10. ពេល​លោក​ដុត​គ្រឿង​ក្រអូប ប្រជា‌ជន​ច្រើន​កុះ‌ករ​នៅ​ខាង​ក្រៅ​កំពុង​អធិស្ឋាន*។

11. រំពេច​នោះ លោក​សាការី​ឃើញ​ទេវតា*​របស់​ព្រះ‌អម្ចាស់​មួយ​រូប ឈរ​នៅ​ខាង​ស្ដាំ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប។

12. ឃើញ​ដូច្នោះ លោក​រន្ធត់​ចិត្ត ហើយ​ភ័យ​ខ្លាច​ទៀត​ផង។

13. ទេវតា​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ថា៖ «កុំ​ខ្លាច​អី លោក​សាការី​អើយ! ព្រះ‌អម្ចាស់​យល់​ព្រម​តាម​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ។ នាង​អេលី‌សាបិត ជា​ភរិយា​របស់​លោក នឹង​បង្កើត​កូន​ប្រុស​មួយ លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូហាន”។

14. កូន​នោះ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​មនុស្ស​ជា​ច្រើន​អបអរ‌សាទរ​នឹង​កំណើត​កុមារ​នោះ​ដែរ។

15. កូន​របស់​លោក​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មិន​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ។ កូន​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។

16. កូន​នោះ​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ​វិញ។

17. កូន​នោះ​នឹង​មក​មុន​ព្រះ‌អង្គ ហើយ​មាន​វិញ្ញាណ​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដូច​លោក​អេលីយ៉ា​បាន​ទទួល ដើម្បី​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន ព្រម​ទាំង​បំបែរ​ចិត្ត​មនុស្ស​រឹង​ទទឹង​ឲ្យ​ត្រឡប់​មក​ជា​មនុស្ស​សុចរិត និង​រៀបចំ​ប្រជា‌រាស្ដ្រ​មួយ​ជា​ស្រេច ទុក​សម្រាប់​ទទួល​ព្រះ‌អម្ចាស់»។

សូមអានជំពូកពេញលេញ លូកា 1