គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 8:8-19 Khmer Standard Version (KHSV)

8. អស់​អ្នក​ដែល​រស់​នៅ​ក្នុង​និស្ស័យ​លោកីយ៍ ពុំ​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់​បាន​ឡើយ។

9. ចំពោះ​បង‌ប្អូន ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន បង‌ប្អូន​មិន​ស្ថិត​ក្នុង​និស្ស័យ​លោកីយ៍​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ដ អ្នក​នោះ​មិន​មែន​ជា​កូន​ចៅ​របស់​ព្រះ‌អង្គ​ទេ។

10. ប្រសិន​បើ​ព្រះ‌គ្រិស្ដ​គង់​នៅ​ក្នុង​បង‌ប្អូន ទោះ​បី​រូប​កាយ​របស់​បង‌ប្អូន​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ ក៏​ព្រះ‌វិញ្ញាណ​នៅ​តែ​ផ្ដល់​ជីវិត​ឲ្យ​បង‌ប្អូន​ដែរ មក​ពី​ព្រះ‌ជា‌ម្ចាស់​ប្រោស​បង‌ប្អូន​ឲ្យ​បាន​សុចរិត។

11. ប្រសិន​បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​មែន​នោះ ព្រះ‌ជា‌ម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌គ្រិស្ដ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រទាន​ឲ្យ​រូប​កាយ​របស់​បង‌ប្អូន ដែល​តែងតែ​ស្លាប់​នេះ មាន​ជីវិត​តាម​រយៈ​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​នោះ​ដែរ។

12. ហេតុ​នេះ បង‌ប្អូន​អើយ យើង​មាន​ជំពាក់​ម្យ៉ាង តែ​មិន​មែន​ជំពាក់​នឹង​និស្ស័យ​លោកីយ៍ ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​ទៀត​ឡើយ។

13. ប្រសិន​បើ​បង‌ប្អូន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ បង‌ប្អូន​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង‌ប្អូន​ពឹង​ផ្អែក​លើ​ព្រះ‌វិញ្ញាណ ដើម្បី​រំលាយ​របៀប​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ បង‌ប្អូន​មុខ​តែ​មាន​ជីវិត

14. ដ្បិត​អស់​អ្នក​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​ណែ‌នាំ សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។

15. បង‌ប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឲ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បង‌ប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ ដោយ‌សារ​ព្រះ‌វិញ្ញាណ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អ័ប្បា!»​ ឱ​ព្រះ‌បិតា!

16. គឺ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ដែល​ផ្ដល់​សក្ខីភាព​ឲ្យ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់​មែន។

17. ប្រសិន​បើ​យើង​ពិត​ជា​បុត្រ​មែន នោះ​យើង​មុខ​ជា​ទទួល​មត៌ក​ពុំ‌ខាន។ យើង​នឹង​ទទួល​មត៌ក​ពី​ព្រះ‌ជា‌ម្ចាស់ គឺ​ទទួល​មត៌ក​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ។ ដោយ​យើង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​ព្រះ‌អង្គ​ដូច្នេះ យើង​ក៏​នឹង​ទទួល​សិរី‌រុងរឿង រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

18. ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នា​បច្ចុប្បន្ន‌កាល​ពុំ​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌រុងរឿង ដែល​ព្រះ‌ជា‌ម្ចាស់​សម្តែង​ឲ្យ​យើង​ឃើញ នៅ​អនាគត‌កាល​នោះ​បាន​ឡើយ។

19. អ្វីៗ​សព្វ​សារពើ​ដែល​ព្រះ‌អង្គ​បង្កើត​មក កំពុង​តែ​អន្ទះ‌អន្ទែង ទន្ទឹង​រង់‌ចាំ​ពេល​ដែល​ព្រះ‌ជា‌ម្ចាស់​នឹង​បង្ហាញ​បុត្រ​របស់​ព្រះ‌អង្គ

សូមអានជំពូកពេញលេញ រ៉ូម 8