គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 8:16-32 Khmer Standard Version (KHSV)

16. គឺ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ដែល​ផ្ដល់​សក្ខីភាព​ឲ្យ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់​មែន។

17. ប្រសិន​បើ​យើង​ពិត​ជា​បុត្រ​មែន នោះ​យើង​មុខ​ជា​ទទួល​មត៌ក​ពុំ‌ខាន។ យើង​នឹង​ទទួល​មត៌ក​ពី​ព្រះ‌ជា‌ម្ចាស់ គឺ​ទទួល​មត៌ក​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ។ ដោយ​យើង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​ព្រះ‌អង្គ​ដូច្នេះ យើង​ក៏​នឹង​ទទួល​សិរី‌រុងរឿង រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

18. ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នា​បច្ចុប្បន្ន‌កាល​ពុំ​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌រុងរឿង ដែល​ព្រះ‌ជា‌ម្ចាស់​សម្តែង​ឲ្យ​យើង​ឃើញ នៅ​អនាគត‌កាល​នោះ​បាន​ឡើយ។

19. អ្វីៗ​សព្វ​សារពើ​ដែល​ព្រះ‌អង្គ​បង្កើត​មក កំពុង​តែ​អន្ទះ‌អន្ទែង ទន្ទឹង​រង់‌ចាំ​ពេល​ដែល​ព្រះ‌ជា‌ម្ចាស់​នឹង​បង្ហាញ​បុត្រ​របស់​ព្រះ‌អង្គ

20. ដ្បិត​អ្វីៗ​ទាំង​អស់​នោះ​បែរ​ទៅ​ជា​ឥត​ន័យ​ តែ​មិន​មែន​ដោយ​ចិត្ត​ឯង​ទេ គឺ​ព្រះ‌ជា‌ម្ចាស់​បាន​តម្រូវ​ដូច្នេះ។ ពិភព​លោក​នៅ​តែ​មាន​សង្ឃឹម​ថា

21. ព្រះ‌អង្គ​នឹង​លោះ​ឲ្យ​រួច​ផុត​ពី​វិនាស​អន្តរាយ​ ដើម្បី​ឲ្យ​មាន​សេរី‌ភាព និង​សិរី‌រុងរឿង​នៃ​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។

22. យើង​ដឹង​ហើយ​ថា មក​ទល់​ថ្ងៃ​នេះ ពិភព​លោក​ទាំង​មូល​កំពុង​តែ​ស្រែក​ថ្ងូរ និង​ឈឺ​ចុក​ចាប់ ដូច​ជា​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន។

23. មិន​ត្រឹម​តែ​ពិភព​លោក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​យើង ដែល​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ចិត្ត ទាំង​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជា‌ម្ចាស់ ប្រោស​យើង​ឲ្យ​ទៅ​ជា​បុត្រ​របស់​ព្រះ‌អង្គ និង​លោះ​រូប​កាយ​យើង​ទាំង​ស្រុង​ដែរ

24. ដ្បិត​យើង​បាន​ទទួល​ការ​សង្គ្រោះ តែ​ក្នុង​សេចក្ដី​សង្ឃឹម​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​បាន​​អ្វី​ដែល​យើង​សង្ឃឹម​ចង់​បាន នោះ​មិន​មែន​ហៅ​ថា​សង្ឃឹម​ទៀត​ទេ ព្រោះ​អ្វីៗ​ដែល​យើង​បាន​ហើយ តើ​យើង​សង្ឃឹម​ចង់​បាន​ដូច​ម្ដេច​ទៀត!។

25. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​អ្វីៗ ដែល​យើង​មិន​ទាន់​មាន នោះ​យើង​ទន្ទឹង​រង់‌ចាំ​ដោយ​ចិត្ត​ព្យាយាម។

26. យ៉ាង​ណា‌មិញ ព្រះ‌វិញ្ញាណ​ក៏​យាង​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​អធិស្ឋាន*​ដូច​ម្ដេច ដើម្បី​ឲ្យ​បាន​សម​នោះ​ឡើយ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ទ្រង់​ទូល‌អង្វរ​ឲ្យ​យើង ដោយ​ព្រះ‌សូរសៀង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។

27. រីឯ​ព្រះ‌ជា‌ម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​មនុស្ស ទ្រង់​ជ្រាប​ព្រះ‌បំណង​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល‌អង្វរ​ឲ្យ​ប្រជា‌ជន​ដ៏‌វិសុទ្ធ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់។

28. យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់​បាន​ទទួល​ផល​ល្អ​ គឺ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គ

29. ដ្បិត​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​ ទ្រង់​ក៏​បាន​តម្រូវ​គេ​ទុក​ជា​មុន​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ដែរ ដើម្បី​ឲ្យ​ព្រះ‌បុត្រា​បាន​ទៅ​ជា​រៀម‌ច្បង ក្នុង​បណ្ដា​បង‌ប្អូន​ជា​ច្រើន។

30. អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន​នោះ ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​នោះ ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​បាន​សុចរិត រីឯ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រោស​ឲ្យ​បាន​សុចរិត ទ្រង់​ក៏​ប្រទាន​ឲ្យ​គេ​មាន​សិរី‌រុងរឿង​ដែរ។

31. បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន?

32. ព្រះ‌អង្គ​ពុំ​បាន​ទុក​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់​ទេ គឺ​ព្រះ‌អង្គ​បាន​បញ្ជូន​ព្រះ‌បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ ព្រះ‌អង្គ​មុខ​ជា​ប្រណី‌សន្ដោស ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌បុត្រា​នោះ​ដែរ។

សូមអានជំពូកពេញលេញ រ៉ូម 8