គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 6:15-23 Khmer Standard Version (KHSV)

15. បើ​ដូច្នេះ ដោយ​យើង​មិន​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ក្រឹត្យ‌វិន័យ* តែ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ តើ​យើង​ត្រូវ​តែ​ប្រព្រឹត្ត​អំពើ​បាប​ឬ? ទេ មិន​កើត​ទេ!

16. បង‌ប្អូន​មិន​ដឹង​ទេ​ឬ បើ​បង‌ប្អូន​ប្រគល់​ខ្លួន​ទៅ​បម្រើ និង​ស្ដាប់​បង្គាប់​ម្ចាស់​ណា បង‌ប្អូន​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​បង‌ប្អូន​ស្ដាប់​បង្គាប់​នោះ ឬ​មួយ​បង‌ប្អូន​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប ដែល​នាំ​ឲ្យ​បង‌ប្អូន​ស្លាប់ ឬ​មួយ​បង‌ប្អូន​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​ដែល​នាំ​ឲ្យ​បង‌ប្អូន​បាន​សុចរិត​។

17. សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់! ពី​ដើម​បង‌ប្អូន​ជា​ខ្ញុំ​បម្រើ​របស់​បាប​មែន តែ​ដោយ​បង‌ប្អូន​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត តាម​គោល‌ការណ៍​នៃ​សេចក្ដី​បង្រៀន​ដែល​បង‌ប្អូន​បាន​ទទួល

18. បង‌ប្អូន​ក៏​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​សេចក្ដី​សុចរិត​វិញ។

19. ខ្ញុំ​សូម​និយាយ​តាម​របៀប​មនុស្ស​លោក​ទៅ​ចុះ ព្រោះ​បង‌ប្អូន​ជា​មនុស្ស​ទន់​ខ្សោយ។ ពី​ដើម បង‌ប្អូន​បាន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង‌ប្អូន ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អំពើ​សៅ‌ហ្មង និង​អំពើ​ទុយ៌ស ដែល​នាំ​ឲ្យ​ប្រឆាំង​នឹង​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ណា ឥឡូវ​នេះ ចូរ​បង‌ប្អូន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង‌ប្អូន ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​សេចក្ដី​សុចរិត​ដើម្បី​ឲ្យ​បង‌ប្អូន​បាន​វិសុទ្ធ*​យ៉ាង​នោះ​ដែរ។

20. កាល​បង‌ប្អូន​នៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប​នៅ​ឡើយ បង‌ប្អូន​គ្មាន​ជាប់​ទាក់​ទាម​អ្វី​នឹង​សេចក្ដី​សុចរិត​ទេ។

21. កាល​ណោះ​បង‌ប្អូន​បាន​ទទួល​ផល​អ្វី? គឺ​គ្មាន​អ្វី​ក្រៅ​ពី​កិច្ចការ​ដែល​នាំ​ឲ្យ​បង‌ប្អូន​ខ្មាស​នៅ​ពេល​នេះ​ឡើយ ជា​កិច្ចការ​ដែល​បណ្ដាល​ឲ្យ​បង‌ប្អូន​ស្លាប់!

22. តែ​ឥឡូវ​នេះ បង‌ប្អូន​រួច​ពី​អំណាច​បាប មក​បម្រើ​ព្រះ‌ជា‌ម្ចាស់​វិញ។ បង‌ប្អូន​បាន​ផល​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​ទៅ​ជា​វិសុទ្ធ* ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច

23. ដ្បិត​លទ្ធ‌ផល​នៃ​បាប គឺ​សេចក្ដី​ស្លាប់ រីឯ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជា‌ម្ចាស់​វិញ គឺ​ជីវិត​អស់‌កល្ប​ជា‌និច្ច​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

សូមអានជំពូកពេញលេញ រ៉ូម 6