គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 5:1-12 Khmer Standard Version (KHSV)

1. ដូច្នេះ ដោយ​ព្រះ‌ជា‌ម្ចាស់​ប្រោស​យើង​ឲ្យ​បាន​សុចរិត ព្រោះ​តែ​យើង​មាន​ជំនឿ យើង​ក៏​មាន​សន្តិ‌ភាព​ជា​មួយ​នឹង​ព្រះ‌អង្គ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ដ ជា​អម្ចាស់​នៃ​យើង​ដែរ។

2. ព្រោះ​តែ​ព្រះ‌គ្រិស្ដ និង​ដោយ‌សារ​ជំនឿ យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី​ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ជីវិត​ថ្មី​នេះ​យ៉ាង​ខ្ជាប់ខ្ជួន​ទាំង​ខ្ពស់​មុខ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់។

3. មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ពេល​យើង​រង​ទុក្ខ​វេទនា យើង​នៅ​តែ​ខ្ពស់​មុខ​ដដែល ព្រោះ​យើង​ដឹង​ថា ទុក្ខ​វេទនា​នឹង​នាំ​ឲ្យ​យើង​ចេះ​អត់‌ធ្មត់

4. ការ​អត់‌ធ្មត់​នាំ​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ ហើយ​ការ​ស៊ូ‌ទ្រាំ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម។

5. សេចក្ដី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ព្រោះ​ព្រះ‌ជា‌ម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ​មក​ក្នុង​ចិត្ត​យើង ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មក​យើង។

6. កាល​យើង​មិន​ទាន់​មាន​កម្លាំង​នៅ​ឡើយ លុះ​ដល់​ពេល​កំណត់ ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។

7. កម្រ​មាន​នរណា​ម្នាក់​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​សុចរិត​ណាស់ ប្រហែល​ជា​មាន​ម្នាក់​ហ៊ាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​ល្អ​ដែរ​មើល​ទៅ!

8. រីឯ​ព្រះ‌ជា‌ម្ចាស់​វិញ ព្រះ‌អង្គ​បាន​បង្ហាញ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ​ចំពោះ​យើង គឺ​ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។

9. ឥឡូវ​នេះ បើ​ព្រះ‌ជា‌ម្ចាស់​ប្រោស​យើង​ឲ្យ​បាន​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ដ​យ៉ាង​ហ្នឹង​ទៅ​ហើយ ព្រះ‌អង្គ​រឹត​តែ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ព្រះ‌ពិរោធ ដោយ‌សារ​ព្រះ‌គ្រិស្ដ​ថែម​ទៀត​ជា​ពុំ‌ខាន។

10. បើ​ព្រះ‌ជា‌ម្ចាស់​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ ដោយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​សោយ​ទិវង្គត ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ព្រះ‌អង្គ​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយ‌សារ​ព្រះ‌ជន្ម​របស់​ព្រះ‌បុត្រា​ថែម​ទៀត​ជា​ពុំ‌ខាន។

11. មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​ព្រះ‌ជា‌ម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​សម្រុះ‌សម្រួល​ឲ្យ​យើង​ជា​នា​នឹង​ព្រះ‌ជា‌ម្ចាស់​វិញ​នៅ​ពេល​នេះ។

12. តាម​រយៈ​មនុស្ស​តែ​ម្នាក់ បាប*​បាន​ចូល​មក​ក្នុង​ពិភព​លោក ហើយ​តាម​រយៈ​បាប សេចក្ដី​ស្លាប់​ក៏​ចូល​មក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​សេចក្ដី​ស្លាប់​រាល‌ដាល​ដល់​មនុស្ស​គ្រប់ៗ​រូប ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប។

សូមអានជំពូកពេញលេញ រ៉ូម 5