គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 2:13-29 Khmer Standard Version (KHSV)

13. ដ្បិត​មិន​មែន​អ្នក​ឮ​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ ដែល​បាន​សុចរិត*​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ គឺ​អ្នក​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​វិញ​ឯ‌ណោះ ដែល​ព្រះ‌អង្គ​ប្រោស​ឲ្យ​បាន​សុចរិត។

14. ពេល​សាសន៍​ដទៃ​ដែល​ពុំ​ស្គាល់​ក្រឹត្យ‌វិន័យ នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​ដោយ​មិន​ដឹង​ខ្លួន គឺ​ខ្លួន​គេ​នោះ​ហើយ​ជា​ក្រឹត្យ‌វិន័យ ទោះ​បី​គេ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ក៏​ដោយ។

15. ត្រង់​នេះ គេ​បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ចការ​ដែល​គម្ពីរ‌វិន័យ​ចែង​ទុក​ឲ្យ​ធ្វើ​នោះ មាន​ចារឹក​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​ស្រាប់​ហើយ។ មន‌សិការ​របស់​គេ ព្រម​ទាំង​ការ​រិះគិត​របស់​គេ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ខ្លួន ឬ​ដោះ‌សា​ខ្លួន ក៏​ផ្ដល់​សក្ខីភាព​អំពី​ការ​នេះ​ដែរ។

16. ការ​នេះ​នឹង​លេច​មក​ឲ្យ​ឃើញ​ច្បាស់ នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក គឺ​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ តាម​រយៈ​ព្រះ‌គ្រិស្ដ‌យេស៊ូ នូវ​អំពើ​ដែល​គេ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង ស្រប​តាម​ដំណឹង‌ល្អ*​ដែល​ខ្ញុំ​ផ្សព្វ‌ផ្សាយ។

17. ចំពោះ​អ្នក​វិញ អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា អ្នក​ពឹង​ផ្អែក​លើ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ហើយ​អួត‌អាង​ខ្លួន​ថា ខ្លួន​ជិត​ស្និទ្ធ​នឹង​ព្រះ‌ជា‌ម្ចាស់​

18. អ្នក​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ និង​បាន​ទទួល​ការ​អប់រំ​ពី​ក្រឹត្យ‌វិន័យ* ឲ្យ​ចេះ​រិះគិត​ពិចារណា​មើល​ថា ការ​ណា​សំខាន់​ជាង​គេ

19. អ្នក​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​ណែ‌នាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​បំភ្លឺ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត

20. ជា​គ្រូ​អប់រំ​មនុស្ស​ល្ងង់ ជា​គ្រូ​បង្រៀន​មនុស្ស​តូច‌តាច​ ព្រោះ​អ្នក​ជឿ​ជាក់​ថា ការ​ស្គាល់​ព្រះ‌ជា‌ម្ចាស់ និង​សេចក្ដី​ពិត សុទ្ធ​តែ​មាន​ចែង​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​ទាំង​អស់។

21. អ្នក​ប្រៀន‌ប្រដៅ​គេ ម្ដេច​ក៏​អ្នក​មិន​ប្រដៅ​ខ្លួន​ឯង​ផង! អ្នក​ហាម​គេ​មិន​ឲ្យ​លួច តែ​ខ្លួន​ឯង​ក៏​លួច​គេ​ដែរ!

22. អ្នក​ប្រាប់​គេ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ តែ​ខ្លួន​ឯង​ក៏​ផិត​ក្បត់​ដែរ! អ្នក​ថា​ខ្លួន​ស្អប់​ខ្ពើម​ព្រះ‌ក្លែង‌ក្លាយ តែ​អ្នក​បែរ​ជា​ប្លន់​វិហារ​របស់​ព្រះ​ទាំង​នោះ​ទៅ​វិញ!​

23. អ្នក​អួត‌អាង​លើ​ក្រឹត្យ‌វិន័យ តែ​អ្នក​បែរ​ជា​បង្អាប់​កិត្តិយស​ព្រះ‌ជា‌ម្ចាស់ ដោយ​ប្រព្រឹត្ត​ល្មើស​ក្រឹត្យ‌វិន័យ

24. ដូច​មាន​ចែង​ទុក​មក​ថា «ព្រោះ​តែ​អ្នក​រាល់​គ្នា បាន​ជា​សាសន៍​ដទៃ​ប្រមាថ​ព្រះ‌នាម​របស់​ព្រះ‌ជា‌ម្ចាស់»។

25. ការ​កាត់​ស្បែក*​មាន​ប្រយោជន៍ លុះ​ត្រា​តែ​អ្នក​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​ល្មើស​ក្រឹត្យ‌វិន័យ ការ​កាត់​ស្បែក​របស់​អ្នក​ទុក​ដូច​ជា​មិន​កាត់​ទៅ​វិញ។

26. ប្រសិន​បើ​មនុស្ស​មិន​កាត់​ស្បែក​កាន់​តាម​បទ​បញ្ជា​របស់​ក្រឹត្យ‌វិន័យ ព្រះ‌ជា‌ម្ចាស់​ក៏​ចាត់​ទុក​គេ​ដូច​ជា​បាន​កាត់​ស្បែក​ដែរ!។

27. ជន​ដែល​មិន​កាត់​ស្បែក​ផ្នែក​ខាង​រូប​កាយ តែ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ គេ​មុខ​ជា​ដាក់​ទោស​អ្នក​មិន​ខាន ព្រោះ​អ្នក​មាន​វិន័យ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ ហើយ​បាន​ទទួល​ពិធី​កាត់​ស្បែក តែ​អ្នក​បែរ​ជា​ប្រព្រឹត្ត​ល្មើស​ក្រឹត្យ‌វិន័យ។

28. សាសន៍​យូដា​ដ៏​ពិត​ប្រាកដ​មិន​ស្ថិត​នៅ​ត្រង់​សំបក​ក្រៅ​ទេ រីឯ​ការ​កាត់​ស្បែក​ដ៏​ពិត​ប្រាកដ ក៏​មិន​ស្ថិត​នៅ​ត្រង់​សញ្ញា​លើ​រូប​កាយ​នោះ​ដែរ

29. សាសន៍​យូដា​ដ៏​ពិត​ប្រាកដ​សំដៅ​ទៅ​ផ្នែក​ខាង​ក្នុង​ចិត្ត​ឯ‌ណោះ​វិញ រីឯ​ការ​កាត់​ស្បែក​ដ៏​ពិត​ប្រាកដ​ក៏​ស្ថិត​នៅ​លើ​ចិត្ត​ដែរ គឺ​ជា​ការ​កាត់​ស្បែក​ស្រប​តាម​ព្រះ‌វិញ្ញាណ មិន​មែន​តាម​គម្ពីរ‌វិន័យ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ឡើយ។ សាសន៍​យូដា​ប្រភេទ​នេះ​ទទួល​ការ​កោត​សរសើរ​ពី​ព្រះ‌ជា‌ម្ចាស់ មិន​មែន​ពី​សំណាក់​មនុស្ស​ទេ។

សូមអានជំពូកពេញលេញ រ៉ូម 2