គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 2:11-20 Khmer Standard Version (KHSV)

11. ដ្បិត​ព្រះ‌ជា‌ម្ចាស់​មិន​រើស​មុខ​នរណា​ឡើយ។

12. អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ*​របស់​លោក​ម៉ូសេ នឹង​ត្រូវ​វិនាស​ទាំង​គ្មាន​ក្រឹត្យ‌វិន័យ។ រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ស្គាល់​ក្រឹត្យ‌វិន័យ គេ​នឹង​ត្រូវ​ទទួល​ទោស ស្រប​តាម​ក្រឹត្យ‌វិន័យ​ដែរ

13. ដ្បិត​មិន​មែន​អ្នក​ឮ​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ ដែល​បាន​សុចរិត*​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ គឺ​អ្នក​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​វិញ​ឯ‌ណោះ ដែល​ព្រះ‌អង្គ​ប្រោស​ឲ្យ​បាន​សុចរិត។

14. ពេល​សាសន៍​ដទៃ​ដែល​ពុំ​ស្គាល់​ក្រឹត្យ‌វិន័យ នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​ដោយ​មិន​ដឹង​ខ្លួន គឺ​ខ្លួន​គេ​នោះ​ហើយ​ជា​ក្រឹត្យ‌វិន័យ ទោះ​បី​គេ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ក៏​ដោយ។

15. ត្រង់​នេះ គេ​បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ចការ​ដែល​គម្ពីរ‌វិន័យ​ចែង​ទុក​ឲ្យ​ធ្វើ​នោះ មាន​ចារឹក​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​ស្រាប់​ហើយ។ មន‌សិការ​របស់​គេ ព្រម​ទាំង​ការ​រិះគិត​របស់​គេ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ខ្លួន ឬ​ដោះ‌សា​ខ្លួន ក៏​ផ្ដល់​សក្ខីភាព​អំពី​ការ​នេះ​ដែរ។

16. ការ​នេះ​នឹង​លេច​មក​ឲ្យ​ឃើញ​ច្បាស់ នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក គឺ​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ តាម​រយៈ​ព្រះ‌គ្រិស្ដ‌យេស៊ូ នូវ​អំពើ​ដែល​គេ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង ស្រប​តាម​ដំណឹង‌ល្អ*​ដែល​ខ្ញុំ​ផ្សព្វ‌ផ្សាយ។

17. ចំពោះ​អ្នក​វិញ អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា អ្នក​ពឹង​ផ្អែក​លើ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ហើយ​អួត‌អាង​ខ្លួន​ថា ខ្លួន​ជិត​ស្និទ្ធ​នឹង​ព្រះ‌ជា‌ម្ចាស់​

18. អ្នក​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ និង​បាន​ទទួល​ការ​អប់រំ​ពី​ក្រឹត្យ‌វិន័យ* ឲ្យ​ចេះ​រិះគិត​ពិចារណា​មើល​ថា ការ​ណា​សំខាន់​ជាង​គេ

19. អ្នក​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​ណែ‌នាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​បំភ្លឺ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត

20. ជា​គ្រូ​អប់រំ​មនុស្ស​ល្ងង់ ជា​គ្រូ​បង្រៀន​មនុស្ស​តូច‌តាច​ ព្រោះ​អ្នក​ជឿ​ជាក់​ថា ការ​ស្គាល់​ព្រះ‌ជា‌ម្ចាស់ និង​សេចក្ដី​ពិត សុទ្ធ​តែ​មាន​ចែង​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​ទាំង​អស់។

សូមអានជំពូកពេញលេញ រ៉ូម 2