គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 15:7-24 Khmer Standard Version (KHSV)

7. ដូច្នេះ ត្រូវ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់‌ទាក់ ឲ្យ​បាន​ដូច​ព្រះ‌គ្រិស្ដ​ទទួល​បង‌ប្អូន​ដែរ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់។

8. ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ថា ព្រះ‌គ្រិស្ដ​បាន​មក​ធ្វើ​ជា​អ្នក​បម្រើ​របស់​សាសន៍​ដែល​កាត់​ស្បែក* ដើម្បី​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​សន្យា​ចំពោះ​បុព្វបុរស* និង​សម្តែង​ព្រះ‌ហឫទ័យ​សច្ចៈ​របស់​ព្រះ‌អង្គ។

9. រីឯ​សាសន៍​ដទៃ​វិញ គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដោយ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​គេ ដូច​មាន​ចែង​ទុក​មក​ថា: «ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ប្រកាស​ទទួល ស្គាល់​ព្រះ‌អង្គ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ហើយ​ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ»​។

10. មាន​ចែង​ទៀត​ថា: «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​មាន​អំណរ ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទៅ!»​។

11. ហើយ​មាន​ចែង​ទៀត​ថា: «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​កោត​សរសើរ​ព្រះ‌អម្ចាស់ ត្រូវ​ឲ្យ​ប្រជា‌រាស្ត្រ​ផង​ទាំង​ពួង ច្រៀង​សរសើរ​ព្រះ‌អង្គ»។

12. ព្យាការី​អេសាយ​ក៏​មាន​ប្រសាសន៍​ថា: «ពូជ​របស់​លោក​អ៊ីសាយ​នឹង​មក​ដល់ ព្រះ‌អង្គ​នឹង​ក្រោក​ឡើង ដើម្បី​ដឹក​នាំ​ជាតិ​សាសន៍​នានា ហើយ​ជាតិ​សាសន៍​ទាំង​នោះ នឹង​សង្ឃឹម​លើ​ព្រះ‌អង្គ»​។

13. សូម​ព្រះ‌ជា‌ម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សង្ឃឹម ប្រោស​បង‌ប្អូន​ដែល​មាន​ជំនឿ ឲ្យ​បាន​ពោរ‌ពេញ​ដោយ​អំណរ និង​សេចក្ដី​សុខ‌សាន្ត​គ្រប់​ប្រការ ដើម្បី​ឲ្យ​បង‌ប្អូន​មាន​សង្ឃឹម​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។

14. បង‌ប្អូន​អើយ ខ្ញុំ​ជឿ​ជាក់​ថា បង‌ប្អូន​មាន​ចិត្ត​សប្បុរស​ណាស់ ហើយ​ក៏​មាន​ចំណេះ​ជ្រៅ​ជ្រះ និង​មាន​សមត្ថ‌ភាព​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ថែម​ទៀត​ផង។

15. ក៏​ប៉ុន្តែ នៅ​ត្រង់​ចំណុច​ខ្លះ ខ្ញុំ​សរសេរ​មក​រំឭក​ដាស់​តឿន​បង‌ប្អូន​យ៉ាង​ធ្ងន់ៗ​បន្ដិច ដោយ​សំអាង​លើ​មុខ‌ងារ​ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ

16. ឲ្យ​បម្រើ​ព្រះ‌គ្រិស្ដ‌យេស៊ូ​សម្រាប់​សាសន៍​ដទៃ។ ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌ជា‌ម្ចាស់​ជា​មុខ‌ងារ​មួយ​ដ៏​ពិសិដ្ឋ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ថ្វាយ​ខ្លួន​ទុក​ជា​តង្វាយ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ និង​ជា​តង្វាយ​ដែល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ប្រោស​ឲ្យ​បាន​វិសុទ្ធ។

17. ដោយ​ហេតុ​នេះ ខ្ញុំ​បាន​ខ្ពស់​មុខ​ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ‌យេស៊ូ ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ថ្វាយ​ព្រះ‌ជា‌ម្ចាស់​

18. ដ្បិត​ខ្ញុំ​មិន​ហ៊ាន​លើក​យក​អ្វី​ផ្សេង​មក​និយាយ ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រិស្ដ​ធ្វើ​តាម​រយៈ​ខ្ញុំ ទោះ​បី​តាម​ពាក្យ​សម្ដី​ក្តី ឬ​តាម​កិច្ចការ​ក្តី ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​នោះ​ឡើយ។

19. ព្រះ‌អង្គ​សម្តែង​ឫទ្ធា‌នុភាព​នៃ​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ព្រះ‌អង្គ​សម្តែង​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ។ ដូច្នេះ ខ្ញុំ​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ដ​សព្វ​គ្រប់ នៅ​គ្រប់​ទី​កន្លែង ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម រហូត​ទៅ​ដល់​តំបន់​អ៊ីលី‌រីកុន​។

20. ក៏​ប៉ុន្តែ ខ្ញុំ​បាន​តាំង​ចិត្ត​ប្រកាស​ដំណឹង‌ល្អ​តែ​នៅ​កន្លែង​ណា​ដែល​គេ​មិន​ទាន់​ឮ​ព្រះ‌នាម​ព្រះ‌គ្រិស្ដ​នៅ​ឡើយ ដើម្បី​ចៀស‌វាង​សង់​ពី​លើ​គ្រឹះ​ដែល​អ្នក​ផ្សេង​បាន​ចាក់​រួច​មក​ហើយ

21. គឺ​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា: «អស់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​ដំណឹង អំពី​ព្រះ‌អង្គ មុខ​ជា​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​ទាន់​បាន​ឮ មុខ​ជា​បាន​យល់»។

22. ការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ខាន​ជា​ច្រើន​ដង មិន​បាន​មក​សួរ​សុខ​ទុក្ខ​បង‌ប្អូន។

23. ប៉ុន្តែ ឥឡូវ​កិច្ចការ​របស់​ខ្ញុំ​ក្នុង​ភូមិ​ភាគ​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ។ ម្យ៉ាង​ទៀត តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ ខ្ញុំ​មាន​បំណង​មក​សួរ​សុខ​ទុក្ខ​បង‌ប្អូន​ជា​ខ្លាំង

24. នៅ​ពេល​ណា​ខ្ញុំ​ទៅ​ស្រុក​អេស្ប៉ាញ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ឆៀង​ចូល​មក​ជួប​បង‌ប្អូន ដើម្បី​ឲ្យ​បង‌ប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​នោះ ក្រោយ​ពី​ខ្ញុំ​បាន​សប្បាយ​ចិត្ត ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន​បន្តិច​មក។

សូមអានជំពូកពេញលេញ រ៉ូម 15