គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 15:4-12 Khmer Standard Version (KHSV)

4. អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សម្រាប់​អប់រំ​យើង។ ដោយ​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​យើង និង​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ យើង​មាន​សេចក្ដី​សង្ឃឹម។

5. សូម​ព្រះ‌ជា‌ម្ចាស់​ដែល​ជួយ​សម្រាល​ទុក្ខ និង​ជួយ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន​រួម​គ្នា មាន​ចិត្ត​គំនិត​តែ​មួយ ស្រប​តាម​ព្រះ‌គ្រិស្ដ‌យេស៊ូ

6. ដើម្បី​ឲ្យ​បង‌ប្អូន​មាន​ចិត្ត​ថ្លើម​តែ​មួយ មាន​សំឡេង​តែ​មួយ លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ ជា​អម្ចាស់​នៃ​យើង។

7. ដូច្នេះ ត្រូវ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់‌ទាក់ ឲ្យ​បាន​ដូច​ព្រះ‌គ្រិស្ដ​ទទួល​បង‌ប្អូន​ដែរ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់។

8. ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ថា ព្រះ‌គ្រិស្ដ​បាន​មក​ធ្វើ​ជា​អ្នក​បម្រើ​របស់​សាសន៍​ដែល​កាត់​ស្បែក* ដើម្បី​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​សន្យា​ចំពោះ​បុព្វបុរស* និង​សម្តែង​ព្រះ‌ហឫទ័យ​សច្ចៈ​របស់​ព្រះ‌អង្គ។

9. រីឯ​សាសន៍​ដទៃ​វិញ គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដោយ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​គេ ដូច​មាន​ចែង​ទុក​មក​ថា: «ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ប្រកាស​ទទួល ស្គាល់​ព្រះ‌អង្គ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ហើយ​ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ»​។

10. មាន​ចែង​ទៀត​ថា: «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​មាន​អំណរ ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទៅ!»​។

11. ហើយ​មាន​ចែង​ទៀត​ថា: «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​កោត​សរសើរ​ព្រះ‌អម្ចាស់ ត្រូវ​ឲ្យ​ប្រជា‌រាស្ត្រ​ផង​ទាំង​ពួង ច្រៀង​សរសើរ​ព្រះ‌អង្គ»។

12. ព្យាការី​អេសាយ​ក៏​មាន​ប្រសាសន៍​ថា: «ពូជ​របស់​លោក​អ៊ីសាយ​នឹង​មក​ដល់ ព្រះ‌អង្គ​នឹង​ក្រោក​ឡើង ដើម្បី​ដឹក​នាំ​ជាតិ​សាសន៍​នានា ហើយ​ជាតិ​សាសន៍​ទាំង​នោះ នឹង​សង្ឃឹម​លើ​ព្រះ‌អង្គ»​។

សូមអានជំពូកពេញលេញ រ៉ូម 15