គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 13:1-8 Khmer Standard Version (KHSV)

1. មនុស្ស​គ្រប់​រូប​ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញា‌ធរ ដ្បិត​អំណាច​ទាំង‌ឡាយ​សុទ្ធ​តែ​មក​ពី​ព្រះ‌ជា‌ម្ចាស់ គឺ​ព្រះ‌អង្គ​បាន​តែង‌តាំង​ឲ្យ​មាន​អំណាច​ទាំង​នោះ​ឡើង។

2. ដូច្នេះ អ្នក​ដែល​ប្រឆាំង​នឹង​អាជ្ញា‌ធរ ក៏​ដូច​ជា​ប្រឆាំង​នឹង​របៀប​រៀប​រយ ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​ចែង​នោះ​ដែរ ហើយ​អ្នក​ដែល​ប្រឆាំង មុខ​ជា​ធ្វើ​ឲ្យ​ខ្លួន​មាន​ទោស​មិន​ខាន។

3. អ្នក​ប្រព្រឹត្ត​អំពើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់‌គ្រង​ស្រុក​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ប៉ុណ្ណោះ​ដែល​ខ្លាច។ បើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញា‌ធរ​ទេ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ​ទៅ នោះ​អាជ្ញា‌ធរ​នឹង​សរសើរ​អ្នក​ជា​មិន​ខាន

4. ដ្បិត​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ជំរុញ​អ្នក​ឲ្យ​ប្រព្រឹត្ត​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​អាជ្ញា‌ធរ​មិន​មែន​កាន់​អំណាច​ជា​អាសា​ឥត​ការ​ទេ គឺ​គេ​ជា​អ្នក​បម្រើ​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ធ្វើ​ទណ្ឌ‌កម្ម ដាក់​ទោស​​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។

5. ដូច្នេះ ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញា‌ធរ មិន​មែន​ដោយ​ខ្លាច​ទទួល​ទណ្ឌ‌កម្ម​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ដោយ​មាន​មន‌សិការ​​ផង។

6. ហេតុ​នេះ​ហើយ​បាន​ជា​បង‌ប្អូន​ត្រូវ​តែ​បង់​ពន្ធដារ ដ្បិត​លោក​ទាំង​នោះ​ទទួល​មុខ‌ងារ​ពី​ព្រះ‌ជា‌ម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​នេះ​យ៉ាង​ហ្មត់‌ចត់។

7. ត្រូវ​ជូន​លោក​ទាំង​នោះ នូវ​អ្វី​ដែល​បង‌ប្អូន​ត្រូវ​ជូន គឺ​បង់​អាករ​ទៅ​លោក​ណា ដែល​បង‌ប្អូន​ត្រូវ​បង់ បង់​ពន្ធ​ទៅ​លោក​ណា ដែល​បង‌ប្អូន​ត្រូវ​បង់​ពន្ធ កោត​ខ្លាច​លោក​ណា ដែល​បង‌ប្អូន​ត្រូវ​កោត​ខ្លាច គោរព​លោក​ណា ដែល​បង‌ប្អូន​ត្រូវ​គោរព។

8. មិន​ត្រូវ​ជំពាក់​អ្វី​នរណា ក្រៅ​ពី​ជំពាក់​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ ដ្បិត​អ្នក​ណា​ស្រឡាញ់​អ្នក​ដទៃ អ្នក​នោះ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ*​ពេញ​លក្ខណៈ

សូមអានជំពូកពេញលេញ រ៉ូម 13