គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 12:1-10 Khmer Standard Version (KHSV)

1. ហេតុ​នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​បង‌ប្អូន​ថា ដោយ​ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​បង‌ប្អូន ចូរ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អង្គ ទុក​ជា​យញ្ញ‌បូជា​ដ៏​មាន​ជីវិត ដ៏‌វិសុទ្ធ* ហើយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់។ បើ​បង‌ប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បម្រើ​ព្រះ‌អង្គ​តាម​របៀប​ត្រឹម​ត្រូវ​មែន​។

2. មិន​ត្រូវ​យក​តម្រាប់​តាម​និស្ស័យ​លោកីយ៍​នេះ​ឡើយ ត្រូវ​ទុក​ឲ្យ​ព្រះ‌ជា‌ម្ចាស់​កែ​ប្រែ​ចិត្ត​គំនិត​បង‌ប្អូន ឲ្យ​ទៅ​ជា​ថ្មី​ទាំង​ស្រុង​វិញ ដើម្បី​ឲ្យ​បង‌ប្អូន​ចេះ​ពិចារណា​មើល​ថា ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វី​ខ្លះ គឺ​អ្វី​ដែល​ល្អ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ និង​គ្រប់​លក្ខណៈ។

3. ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន តាម​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ថា ម្នាក់ៗ​មិន​ត្រូវ​លើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់ ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​នោះ​ឡើយ តែ​ត្រូវ​គិត​ឲ្យ​បាន​សមរម្យ​តាម​កម្រិត​នៃ​ជំនឿ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​ម្នាក់ៗ។

4. រូប​កាយ​មនុស្ស​យើង​មាន​សរី‌រាង្គ​ច្រើន ហើយ​សរី‌រាង្គ​នីមួយៗ​មាន​មុខ‌ងារ​ខុសៗ​គ្នា​យ៉ាង​ណា

5. យើង​ក៏​ដូច្នោះ​ដែរ យើង​មាន​គ្នា​ច្រើន​រួម​ជា​ព្រះ‌កាយ​តែ​មួយ​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ ហើយ​ម្នាក់ៗ​ជា​សរី‌រាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។

6. យើង​មាន​ព្រះ‌អំណោយ​ទាន​ប្លែកៗ​ពី​គ្នា ស្រប​តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​មក​យើង។ ប្រសិន​បើ​បង‌ប្អូន​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ថ្លែង*​ព្រះ‌បន្ទូល ត្រូវ​ថ្លែង​ឲ្យ​ស្រប​តាម​ជំនឿ

7. អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បម្រើ ចូរ​បម្រើ​ទៅ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បង្រៀន ចូរ​បង្រៀន​ទៅ

8. អ្នក​ដែល​លើក​ទឹក​ចិត្ត​បង‌ប្អូន ចូរ​លើក​ទឹក​ចិត្ត​គេ​ទៅ អ្នក​ដែល​ចែក​ទ្រព្យ​របស់​ខ្លួន​ ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ​សរ អ្នក​ដែល​ដឹក​នាំ ចូរ​ដឹក​នាំ​ដោយ​ចិត្ត​ខ្នះ‌ខ្នែង អ្នក​ដែល​ចែក​ទាន​ដល់​ជន​ក្រីក្រ ចូរ​ចែក​ឲ្យ​គេ​ដោយ​ចិត្ត​ត្រេក​អរ។

9. ចូរ​មាន​ចិត្ត​ស្រឡាញ់ ដោយ​ឥត​លាក់​ពុត​ឡើយ។ ចូរ​ស្អប់​ខ្ពើម​អ្វីៗ​ដែល​អាក្រក់ ហើយ​ជាប់​ចិត្ត​តែ​នឹង​អ្វីៗ​ដែល​ល្អ​វិញ។

10. ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បង‌ប្អូន​បង្កើត។ ត្រូវ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​គោរព។

សូមអានជំពូកពេញលេញ រ៉ូម 12