គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 11:25-35 Khmer Standard Version (KHSV)

25. បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​យ៉ាង​ច្បាស់​ពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ ក្រែង​លោ​បង‌ប្អូន​ស្មាន​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា។ គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ គឺ​សាសន៍​អ៊ីស្រា‌អែល​មួយ​ចំនួន​មាន​ចិត្ត​រឹង‌រូស រហូត​ដល់​ពេល​សាសន៍​ដទៃ​ទាំង​អស់​បាន​ចូល​មក​ទទួល​ការ​សង្គ្រោះ

26. ពេល​នោះ ទើប​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ទទួល​ការ​សង្គ្រោះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា: «ព្រះ‌អង្គ​ដែល​រំដោះ​នឹង​យាង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​នឹង​ដក​អំពើ​ទមិឡ*​ចេញ​ពី​កូន​ចៅ លោក​យ៉ាកុប

27. នេះ​ហើយ​ជា​សម្ពន្ធ‌មេត្រី*​ដែល​យើង​នឹង ចង​ជា​មួយ​ពួក​គេ​នៅ​ពេល​ដែល​យើង ដក​អំពើ​បាប​ចេញ​ពី​ពួក​គេ» ។

28. បើ​គិត​តាម​ដំណឹង‌ល្អ* សាសន៍​អ៊ីស្រា‌អែល​ជា​សត្រូវ​នឹង​ព្រះ‌ជា‌ម្ចាស់​ ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន។ បើ​គិត​តាម​ការ​ជ្រើស​រើស​វិញ ព្រះ‌ជា‌ម្ចាស់​ស្រឡាញ់​គេ មក​ពី​ព្រះ‌អង្គ​គិត​ដល់​បុព្វបុរស​របស់​គេ។

29. កាល​ណា​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ហើយ ព្រះ‌អង្គ​មិន​ដក​ហូត​វិញ​ទេ ហើយ​កាល​ណា​ព្រះ‌អង្គ​ត្រាស់​ហៅ ទ្រង់​ក៏​មិន​ប្រែ‌ប្រួល​ដែរ។

30. រីឯ​បង‌ប្អូន ពី​ដើម​បង‌ប្អូន​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​ទេ តែ​ឥឡូវ​នេះ ដោយ​សាសន៍​អ៊ីស្រា‌អែល​មិន​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​មេត្តា‌ករុណា​ដល់​បង‌ប្អូន។

31. រីឯ​ពួក​គេ​វិញ ពួក​គេ​មិន​ស្ដាប់​បង្គាប់​នៅ​ពេល​នេះ មក​ពី​ព្រះ‌ជា‌ម្ចាស់​មេត្តា‌ករុណា​ដល់​បង‌ប្អូន។ ដូច្នេះ ព្រះ‌អង្គ​ក៏​មេត្តា‌ករុណា​ដល់​ពួក​គេ​នៅ​ពេល​នេះ​ដែរ

32. ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​មិន​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ដើម្បី​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​មនុស្ស​ទាំង​អស់។

33. ព្រះ‌ហឫទ័យ​ទូលាយ​របស់​ព្រះ‌ជា‌ម្ចាស់​ជ្រៅ​ពន់​ពេក​ណាស់ ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ក៏​ខ្ពង់‌ខ្ពស់​ដែរ! គ្មាន​នរណា​អាច​យល់​ការ​សម្រេច​របស់​ព្រះ‌អង្គ​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យល់​មាគ៌ា​របស់​ព្រះ‌អង្គ​បាន​ដែរ!

34. តើ​នរណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះ‌អង្គ?

35. តើ​នរណា​បាន​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌អង្គ​តប​ស្នង​សង​គុណ​វិញ?​។

សូមអានជំពូកពេញលេញ រ៉ូម 11