គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 11:2-9 Khmer Standard Version (KHSV)

2. ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​បោះ​បង់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ជ្រើស​រើស​ទុក​ជា​មុន​នោះ​ឡើយ។ តើ​បង‌ប្អូន​មិន​ជ្រាប​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ស្ដី​អំពី​ព្យាការី*​អេលីយ៉ា​ទូល​ព្រះ‌ជា‌ម្ចាស់​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ? គឺ​លោក​ទូល​ថា:

3. «បពិត្រ​ព្រះ‌អម្ចាស់ ពួក​គេ​បាន​នាំ​គ្នា​សម្លាប់​ព្យាការី​ទាំង‌ឡាយ​របស់​ព្រះ‌អង្គ និង​រំលំ​អាសនៈ​របស់​ព្រះ‌អង្គ។ មាន​តែ​ទូល‌បង្គំ​ម្នាក់​គត់​ដែល​បាន​រួច​ខ្លួន តែ​ពួក​គេ​រក​ផ្ដាច់​ជីវិត​ទូល‌បង្គំ​ទៀត!»។

4. តើ​ព្រះ‌ជា‌ម្ចាស់​តប​ទៅ​លោក​វិញ​ដូច​ម្ដេច? គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​បាន​បម្រុង​ទុក​មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់ អ្នក​ទាំង​នេះ​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល​ឡើយ»។

5. រីឯ​បច្ចុប្បន្ន‌កាល​នេះ​ក៏​ដូច្នោះ​ដែរ គឺ​មាន​នៅ​សល់​មនុស្ស​មួយ​ចំនួន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។

6. ប្រសិន​បើ​ព្រះ‌អង្គ​ជ្រើស​រើស​គេ​ដោយ​សារ​ព្រះ‌គុណ​ដូច្នេះ បាន​សេចក្ដី​ថា មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។ បើ​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ ព្រះ‌គុណ​លែង​មាន​លក្ខណៈ​ជា​ព្រះ‌គុណ​ទៀត​ហើយ​។

7. ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? អ្វីៗ​ដែល​សាសន៍​អ៊ីស្រា‌អែល​ខំ​ស្វែង​រក​នោះ គេ​មិន​បាន​ទទួល​ទេ។ មាន​តែ​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ជ្រើស​រើស​ប៉ុណ្ណោះ ទើប​បាន​ទទួល រីឯ​អ្នក​ឯ​ទៀត ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​រឹង‌រូស​វិញ

8. ដូច​មាន​ចែង​ទុក​មក​ថា: «ព្រះ‌ជា‌ម្ចាស់​ទ្រង់​ធ្វើ​ឲ្យ​គេ​មាន​វិញ្ញាណ ស្ពឹក‌ស្រពន់ ឲ្យ​ភ្នែក​គេ​មើល​ពុំ​ឃើញ និង​ឲ្យ​ត្រចៀក​គេ​ស្ដាប់​ពុំ​ឮ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ»​។

9. ព្រះ‌បាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ថា: «សូម​ឲ្យ​តុ​របស់​ពួក​គេ ក្លាយ​ទៅ​ជា​អន្ទាក់ ឬ​ជា​មង ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ និង​ឲ្យ​គេ​មាន​ទោស!។

សូមអានជំពូកពេញលេញ រ៉ូម 11