គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 11:17-27 Khmer Standard Version (KHSV)

17. សាសន៍​អ៊ីស្រា‌អែល​ប្រៀប​បី​ដូច​ជា​ដើម​អូលីវ ដែល​គេ​កាត់​មែក​ខ្លះ​ចោល រីឯ​អ្នក​វិញ អ្នក​ប្រៀប​បី​ដូច​ជា​មែក​អូលីវ​ព្រៃ ត្រូវ​គេ​យក​មក​ផ្សាំ​ជំនួស​មែក​ ដែល​គេ​កាត់​ចោល​នោះ។ ឥឡូវ​នេះ អ្នក​ស្រូប​យក​ជី‌ជាតិ​ពី​ឫស​រួម​ជា​មួយ​មែក​ឯ​ទៀតៗ​ដែរ

18. ដូច្នេះ អ្នក​មិន​ត្រូវ​អួត​ខ្លួន ដោយ​មើល‌ងាយ​មែក​ដែល​គេ​កាត់​ចោល​នោះ​ឡើយ។ បើ​អ្នក​ចង់​អួត​ខ្លួន តោង​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក!

19. អ្នក​ប្រហែល​ជា​អ្នក​ពោល​ថា “ព្រះ‌ជា‌ម្ចាស់​បាន​កាត់​មែក​ទាំង​នោះ​ចោល ដើម្បី​យក​ខ្ញុំ​មក​ផ្សាំ​ជំនួស!”។

20. មែន​ហើយ! ព្រះ‌អង្គ​កាត់​មែក​ទាំង​នោះ​ចោល មក​ពី​មែក​ទាំង​នោះ​គ្មាន​ជំនឿ រីឯ​អ្នក​វិញ អ្នក​នៅ​ជាប់​នឹង​ដើម​មក​ពី​អ្នក​មាន​ជំនឿ។ ដូច្នេះ កុំ​លើក​ខ្លួន​សោះ​ឡើយ​ត្រូវ​ភ័យ​ខ្លាច​វិញ។

21. ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​ពុំ​ទុក​មែក​ពី​កំណើត​ទេ ព្រះ‌អង្គ​មុខ​ជា​ពុំ​ទុក​អ្នក​ដែរ។

22. ដូច្នេះ សូម​គិត​ពិចារណា​អំពី​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ប្រិត‌ប្រៀប​របស់​ព្រះ‌ជា‌ម្ចាស់​ទៅ។ ព្រះ‌អង្គ​ប្រិត‌ប្រៀបចំពោះ​អស់​អ្នក​ដែល​ដួល ហើយ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​អ្នក លុះ​ត្រា​ណា​អ្នក​នៅ​តែ​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​សប្បុរស​នេះ។ បើ​មិន​ដូច្នោះ​ទេ ព្រះ‌អង្គ​នឹង​កាត់​អ្នក​ចោល​ដែរ។

23. ចំពោះ​ពួក​គេ ប្រសិន​បើ​គេ​បោះ​បង់​ចិត្ត​មិន​ជឿ​នោះ​ចោល ព្រះ‌ជា‌ម្ចាស់​មុខ​តែ​ផ្សាំ​គេ​វិញ​ជា​មិន​ខាន ដ្បិត​ព្រះ‌អង្គ​មាន​ឫទ្ធា‌នុភាព​អាច​នឹង​ផ្សាំ​ពួក​គេ​សា​ជា​ថ្មី​បាន។

24. រីឯ​អ្នក​បើ​អ្នក​មាន​កំណើត​ពី​ដើម​អូលីវ​ព្រៃ ហើយ​ត្រូវ​ព្រះ‌អង្គ​កាត់​យក​មក​ផ្សាំ​នឹង​ដើម​អូលីវ​ស្រុក ដែល​មិន​មែន​ជា​ដើម​ពី​កំណើត​របស់​អ្នក​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​ពួក​គេ​វិញ ព្រះ‌អង្គ​នឹង​យក​គេ​មក​ផ្សាំ​ជាប់​នឹង​ដើម​ពី​កំណើត​របស់​ខ្លួន​វិញ រឹត​តែ​ងាយ​ជាង​នេះ​យ៉ាង​ណា​ទៅ​ទៀត។

25. បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​យ៉ាង​ច្បាស់​ពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ ក្រែង​លោ​បង‌ប្អូន​ស្មាន​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា។ គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ គឺ​សាសន៍​អ៊ីស្រា‌អែល​មួយ​ចំនួន​មាន​ចិត្ត​រឹង‌រូស រហូត​ដល់​ពេល​សាសន៍​ដទៃ​ទាំង​អស់​បាន​ចូល​មក​ទទួល​ការ​សង្គ្រោះ

26. ពេល​នោះ ទើប​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ទទួល​ការ​សង្គ្រោះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា: «ព្រះ‌អង្គ​ដែល​រំដោះ​នឹង​យាង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​នឹង​ដក​អំពើ​ទមិឡ*​ចេញ​ពី​កូន​ចៅ លោក​យ៉ាកុប

27. នេះ​ហើយ​ជា​សម្ពន្ធ‌មេត្រី*​ដែល​យើង​នឹង ចង​ជា​មួយ​ពួក​គេ​នៅ​ពេល​ដែល​យើង ដក​អំពើ​បាប​ចេញ​ពី​ពួក​គេ» ។

សូមអានជំពូកពេញលេញ រ៉ូម 11