គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 1:8-21 Khmer Standard Version (KHSV)

8. ជា​បឋម ខ្ញុំ សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​របស់​ខ្ញុំ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ដ* ព្រោះ​តែ​បង‌ប្អូន​ទាំង​អស់​គ្នា ដ្បិត​គេ​តំណាល​អំពី​ជំនឿ​របស់​បង‌ប្អូន​ក្នុង​សកល​លោក​ទាំង​មូល។

9. ព្រះ‌ជា‌ម្ចាស់​ដែល​ខ្ញុំ​គោរព​បម្រើ​យ៉ាង​ស្មោះ​ដោយ​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ធ្វើ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បង‌ប្អូន​ជា‌និច្ច

10. គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន* សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស​មក​សួរ​សុខ​ទុក្ខ​បង‌ប្អូន បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ។

11. ខ្ញុំ​មាន​បំណង​ចង់​ជួប​មុខ​បង‌ប្អូន​យ៉ាង​ខ្លាំង ដើម្បី​ចែក​ព្រះ‌អំណោយ​ទាន​ណា​មួយ​របស់​ព្រះ‌វិញ្ញាណ​ជូន​បង‌ប្អូន ឲ្យ​បង‌ប្អូន​បាន​មាំ‌មួន​ឡើង

12. គឺ​ថា ពេល​យើង​នៅ​ជា​មួយ​គ្នា យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​ដែល​យើង​មាន​រួម​គ្នា ទាំង​បង‌ប្អូន​ទាំង​ខ្ញុំ។

13. បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​បាន​ជ្រាប​យ៉ាង​ច្បាស់​ថា ខ្ញុំ​មាន​គម្រោង‌ការ​ចង់​មក​ជួប​បង‌ប្អូន​ច្រើន​លើក​ច្រើន​សា​ហើយ ដើម្បី​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​បង‌ប្អូន ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ឯ​ទៀតៗ​ដែរ ក៏​ប៉ុន្តែ មក​ទល់​ពេល​នេះ ខ្ញុំ​ចេះ​តែ​ខក​ខាន​មិន​បាន​មក។

14. ខ្ញុំ​ត្រូវ​តែ​បំពេញ​កិច្ចការ​ក្នុង​ចំណោម​សាសន៍​ក្រិក​ និង​ក្នុង​ចំណោម​សាសន៍​ដទៃ​ទៀត ក្នុង​ចំណោម​អ្នក​ប្រាជ្ញ និង​ក្នុង​ចំណោម​អ្នក​ល្ងង់។

15. ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​នាំ​ដំណឹង‌ល្អ មក​ជូន​បង‌ប្អូន​នៅ​ក្រុង​រ៉ូម​នេះ​ដែរ

16. ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។

17. ដំណឹង‌ល្អ​នេះ​សម្តែង​ឲ្យ​ដឹង​ថា ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ​ ដូច​មាន​ចែង​ទុក​មក​ថា: «មនុស្ស​សុចរិត​មាន​ជីវិត​រស់ ដោយ‌សារ​ជំនឿ»​។

18. ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​​ពី​ស្ថាន​បរម‌សុខ*​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​ឲ្យ​លេច​ចេញ​មក

19. ដ្បិត​អ្វីៗ​ដែល​មនុស្ស​លោក​អាច​ស្គាល់​ពី​ព្រះ‌ជា‌ម្ចាស់ នោះ​មាន​ជាក់​ច្បាស់​ក្នុង​ចំណោម​ពួក​គេ​ហើយ ព្រោះ​ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ។

20. លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធា‌នុភាព​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ក្តី ឬ​ឋានៈ​របស់​ព្រះ‌អង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ក្តី​ ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ នៅ​ពេល​ណា​ដែល​គេ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ

21. ដ្បិត​គេ​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ តែ​ពុំ​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ ឲ្យ​សម​នឹង​ឋានៈ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះគិត​របស់​ខ្លួន ហើយ​ចិត្ត​ល្ងី‌ល្ងើ​របស់​គេ ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យ‌សុង​ដែរ។

សូមអានជំពូកពេញលេញ រ៉ូម 1