គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 9:3-19 Khmer Standard Version (KHSV)

3. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គាត់​ខ្វាក់ មិន​មែន​មក​ពី​បាប​របស់​ឪពុក​ម្ដាយ​គាត់ ឬ​បាប​របស់​គាត់​ទេ គាត់​ខ្វាក់​ដូច្នេះ ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​បង្ហាញ​កិច្ចការ​របស់​ព្រះ‌អង្គ​នៅ​ក្នុង​គាត់។

4. យើង​ត្រូវ​ធ្វើ​កិច្ចការ​របស់​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទាន់​នៅ​ភ្លឺ​នៅ​ឡើយ ដ្បិត​ដល់​ពេល​យប់ គ្មាន​នរណា​អាច​ធ្វើ​ការ​បាន​ឡើយ។

5. ពេល​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ពិភព​លោក​នេះ ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក»។

6. កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះ‌អង្គ​ស្ដោះ​ទឹក​ព្រះ‌ឱស្ឋ​ទៅ​លើ​ដី ធ្វើ​ភក់​លាប​ភ្នែក​មនុស្ស​ខ្វាក់​នោះ

7. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​ទៅ​លុប​មុខ​នៅ​ស្រះ​ស៊ីឡោមចុះ»(ពាក្យ​“ស៊ីឡោម”​នេះ​មាន​ន័យ​ថា អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ)។ គាត់​ក៏​ចេញ​ទៅ​លុប​មុខ ពេល​ត្រឡប់​មក​វិញ គាត់​មើល​ឃើញ។

8. អ្នក​ជិត​ខាង និង​អស់​អ្នក​ដែល​ធ្លាប់​ឃើញ​គាត់​សុំ​ទាន​កាល​ពី​មុន នាំ​គ្នា​ពោល​ថា៖ «បុរស​នេះ​ជា​អ្នក​ដែល​តែង​អង្គុយ​សុំ​ទាន​ទេ​តើ!»។

9. អ្នក​ខ្លះ​ពោល​ថា៖ «គាត់​មែន!»។ ខ្លះ​ទៀត​ថា៖ «មិន​មែន​ទេ អ្នក​នេះ​មាន​មុខ​ដូច​គាត់!»។ រីឯ​បុរស​នោះ​វិញ គាត់​ពោល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ!»។

10. គេ​ក៏​នាំ​គ្នា​សួរ​គាត់​ថា៖ «ម្ដេច​បាន​ជា​ភ្នែក​អ្នក​ភ្លឺ​ដូច្នេះ?»។

11. គាត់​ឆ្លើយ​ថា៖ «មាន​លោក​ម្នាក់​ឈ្មោះ​យេស៊ូ បាន​ធ្វើ​ភក់​យក​មក​លាប​ភ្នែក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា “សុំ​អញ្ជើញ​ទៅ​លុប​មុខ​នៅ​ស្រះ​ស៊ីឡោម​ចុះ!” ខ្ញុំ​ក៏​ទៅ​លុប​មុខ ហើយ​ខ្ញុំ​មើល​ឃើញ»។

12. គេ​សួរ​គាត់​ថា៖ «លោក​នោះ​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ!»។

13. គេ​នាំ​អ្នក​ដែល​ខ្វាក់​ពី​មុន​នោះ ទៅ​ជួប​ពួក​ខាង​គណៈ​ផារីស៊ី*។

14. ថ្ងៃ​ដែល​ព្រះ‌យេស៊ូ​ធ្វើ​ភក់ និង​ប្រោស​អ្នក​ខ្វាក់​ឲ្យ​បាន​ភ្លឺ​នោះ​ជា​ថ្ងៃ​សប្ប័ទ

15. ហេតុ​នេះ​ហើយ​បាន​ជា​ពួក​ខាង​គណៈ​ផារីស៊ី​នាំ​គ្នា​សួរ​ម្ដង​ទៀត​អំពី​ហេតុ‌ការណ៍​ដែល​ធ្វើ​ឲ្យ​ភ្នែក​គាត់​ភ្លឺ។ គាត់​ឆ្លើយ​ថា៖ «លោក​បាន​យក​ភក់​ដាក់​ពី​លើ​ភ្នែក​ខ្ញុំ ខ្ញុំ​ទៅ​លុប​មុខ ហើយ​ក៏​មើល​ឃើញ»។

16. ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ពោល​ថា៖ «អ្នក​នោះ​មិន​មែន​មក​ពី​ព្រះ‌ជាម្ចាស់​ទេ ដ្បិត​គាត់​ពុំ​គោរព​ក្រឹត្យ‌វិន័យ*​សម្រាប់​ថ្ងៃ​ឈប់​សម្រាក»។ ខ្លះ​ទៀត​ពោល​ថា៖ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សម្គាល់​ដូច​ម្ដេច​បាន?»ពួក​គេ​ក៏​បាក់​បែក​គ្នា។

17. គេ​សួរ​អ្នក​ដែល​ខ្វាក់​ពី​មុន​នោះ​ម្ដង​ទៀត​ថា៖ «ចុះ​អ្នក​វិញ តើ​អ្នក​ថា លោក​ដែល​ធ្វើ​ឲ្យ​អ្នក​បាន​ភ្លឺ​នោះ​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «លោក​ពិត​ជា​ព្យាការី*​មែន!»។

18. ប៉ុន្តែ ជន‌ជាតិ​យូដា​នៅ​តែ​មិន​ជឿ​ថា កាល​ពី​មុន​បុរស​នេះ​ខ្វាក់ ហើយ​ឥឡូវ​បាន​មើល​ឃើញ​នោះ​ឡើយ ទាល់​តែ​ហៅ​ឪពុក​ម្ដាយ​គាត់​មក​សួរ​សិន។

19. គេ​សួរ​ទៅ​ឪពុក​ម្ដាយ​គាត់​ថា៖ «អ្នក​នេះ​ពិត​ជា​កូន​របស់​អ្នក​ដែល​អ្នក​ថា​ខ្វាក់​ពី​កំណើត​មែន​ឬ ចុះ​ឥឡូវ​ម្ដេច​ក៏​ភ្នែក​គាត់​ភ្លឺ?»។

សូមអានជំពូកពេញលេញ យ៉ូហាន 9