គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 9:25-38 Khmer Standard Version (KHSV)

25. បុរស​នោះ​តប​ថា៖ «លោក​នោះ​ជា​មនុស្ស​បាប ឬ​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ម្យ៉ាង គឺ​ពី​មុន​ខ្ញុំ​ខ្វាក់ ឥឡូវ​នេះ ខ្ញុំ​មើល​ឃើញ»។

26. ពួក​គេ​សួរ​គាត់​ថា៖ «តើ​អ្នក​នោះ​បាន​ធ្វើ​អ្វី​ដល់​អ្នក? គាត់​បាន​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ ដោយ​វិធី​ណា?»។

27. គាត់​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ខ្ញុំ​បាន​ជម្រាប​អស់​លោក​រួច​មក​ហើយ តែ​អស់​លោក​ពុំ​ស្ដាប់​ខ្ញុំ​ទេ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​ចង់​ឲ្យ​ខ្ញុំ​និយាយ​ម្ដង​ទៀត​ដូច្នេះ? អស់​លោក​ប្រហែល​ចង់​ធ្វើ​ជា​សិស្ស​របស់​លោក​នោះ​ដែរ​ហើយ​មើល​ទៅ!»។

28. ពួក​ខាង​គណៈ​ផារីស៊ី​ក៏​ជេរ​ប្រមាថ​គាត់​ថា៖ «ឯង​ទេ​តើ​ជា​សិស្ស​របស់​គាត់! រីឯ​យើង​វិញ យើង​ជា​សិស្ស​របស់​លោក​ម៉ូសេ!។

29. យើង​ដឹង​ថា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​មែន។ រីឯ​អ្នក​នោះ​វិញ យើង​មិន​ដឹង​ថា​គាត់​មក​ពី​ណា​ទេ!»។

30. បុរស​នោះ​និយាយ​តប​ទៅ​គេ​ថា៖ «លោក​នោះ​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ តែ​អស់​លោក​មិន​ដឹង​ថា គាត់​មក​ពី​ណា​ដូច្នេះ គួរ​ឲ្យ​ឆ្ងល់​ណាស់។

31. យើង​ដឹង​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​មិន​ស្ដាប់​ពាក្យ​របស់​មនុស្ស​បាប​ទេ ព្រះ‌អង្គ​ស្ដាប់​តែ​ពាក្យ​របស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ និង​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ប៉ុណ្ណោះ។

32. តាំង​ពី​ដើម​រៀង​មក យើង​មិន​ដែល​ឮ​ថា មាន​នរណា​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​ពី​កំណើត​បាន​ភ្លឺ​នោះ​ឡើយ។

33. ប្រសិន​បើ​លោក​នោះ​មិន​មក​ពី​ព្រះ‌ជាម្ចាស់​ទេ លោក​មិន​អាច​ធ្វើ​ការ​អ្វី​បាន​ទាល់​តែ​សោះ»។

34. ពួក​គេ​នាំ​គ្នា​ពោល​ទៅ​គាត់​ថា៖ «ឯង​ជា​មនុស្ស​ជាប់​បាប​ពេញ​ខ្លួន តាំង​ពី​កំណើត​មក ហើយ​ឯង​ហ៊ាន​ប្រដៅ​យើង​ទៀត!»។ គេ​ក៏​បណ្ដេញ​គាត់​ចេញ​ទៅ​ខាង​ក្រៅ។

35. ព្រះ‌យេស៊ូ​ជ្រាប​ថា គេ​បាន​បណ្ដេញ​គាត់ កាល​ព្រះ‌អង្គ​ជួប​គាត់ ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​ជឿ​លើ​បុត្រ​មនុស្ស*​ឬ​ទេ?»។

36. គាត់​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ តើ​នរណា​ជា​បុត្រ​មនុស្ស សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​ជឿ​លើ​ព្រះ‌អង្គ»។

37. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ឃើញ​លោក​ស្រាប់ គឺ​អ្នក​ដែល​កំពុង​តែ​និយាយ​ជា​មួយ​អ្នក​ហ្នឹង​ហើយ​ជា​បុត្រ​មនុស្ស»។

38. គាត់​ទូល​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​ជឿ​លើ​ព្រះ‌អង្គ​ហើយ»។ គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ យ៉ូហាន 9