គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 9:20-31 Khmer Standard Version (KHSV)

20. ឪពុក​ម្ដាយ​គាត់​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ដឹង​ថា​វា​ពិត​ជា​កូន​របស់​យើង​ខ្ញុំ​មែន ហើយ​កើត​មក​ខ្វាក់!។

21. ត្រង់​ឯ​ភ្នែក​វា​បាន​ភ្លឺ​ដោយ​ហេតុ​យ៉ាង​ណាៗ​នោះ យើង​ខ្ញុំ​មិន​ដឹង​ទេ ហើយ​នរណា​បាន​ធ្វើ​ឲ្យ​ភ្នែក​វា​ភ្លឺ​នោះ ក៏​យើង​មិន​ដឹង​ដែរ!។ សូម​អស់​លោក​សួរ​វា​ទៅ វា​ធំ​ហើយ វា​ឆ្លើយ​ខ្លួន​ឯង​បាន»។

22. ឪពុក​ម្ដាយ​គាត់​និយាយ​ដូច្នេះ​មក​ពី​ខ្លាច​ជន‌ជាតិ​យូដា ព្រោះ​ជន‌ជាតិ​យូដា​រួម​គំនិត​គ្នា បណ្ដេញ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ថា​ព្រះ‌យេស៊ូ​ជា​ព្រះ‌គ្រិស្ដ* ចេញ​ពី​សាលា​ប្រជុំ*​របស់​គេ។

23. ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ពោល​ថា “វា​ធំ​ហើយ សូម​សួរ​វា​ទៅ!”។

24. ពួក​ខាង​គណៈ​ផារីស៊ី*​បាន​ហៅ​បុរស ដែល​ខ្វាក់​ពី​មុន​នោះ មក​សួរ​ជា​លើក​ទី​ពីរ។ គេ​ពោល​ទៅ​គាត់​ថា៖ «ត្រូវ​និយាយ​ការ​ពិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់! យើង​ដឹង​ថា អ្នក​នោះ​ពិត​ជា​មនុស្ស​បាប​មែន!»។

25. បុរស​នោះ​តប​ថា៖ «លោក​នោះ​ជា​មនុស្ស​បាប ឬ​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ម្យ៉ាង គឺ​ពី​មុន​ខ្ញុំ​ខ្វាក់ ឥឡូវ​នេះ ខ្ញុំ​មើល​ឃើញ»។

26. ពួក​គេ​សួរ​គាត់​ថា៖ «តើ​អ្នក​នោះ​បាន​ធ្វើ​អ្វី​ដល់​អ្នក? គាត់​បាន​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ ដោយ​វិធី​ណា?»។

27. គាត់​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ខ្ញុំ​បាន​ជម្រាប​អស់​លោក​រួច​មក​ហើយ តែ​អស់​លោក​ពុំ​ស្ដាប់​ខ្ញុំ​ទេ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​ចង់​ឲ្យ​ខ្ញុំ​និយាយ​ម្ដង​ទៀត​ដូច្នេះ? អស់​លោក​ប្រហែល​ចង់​ធ្វើ​ជា​សិស្ស​របស់​លោក​នោះ​ដែរ​ហើយ​មើល​ទៅ!»។

28. ពួក​ខាង​គណៈ​ផារីស៊ី​ក៏​ជេរ​ប្រមាថ​គាត់​ថា៖ «ឯង​ទេ​តើ​ជា​សិស្ស​របស់​គាត់! រីឯ​យើង​វិញ យើង​ជា​សិស្ស​របស់​លោក​ម៉ូសេ!។

29. យើង​ដឹង​ថា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​មែន។ រីឯ​អ្នក​នោះ​វិញ យើង​មិន​ដឹង​ថា​គាត់​មក​ពី​ណា​ទេ!»។

30. បុរស​នោះ​និយាយ​តប​ទៅ​គេ​ថា៖ «លោក​នោះ​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ តែ​អស់​លោក​មិន​ដឹង​ថា គាត់​មក​ពី​ណា​ដូច្នេះ គួរ​ឲ្យ​ឆ្ងល់​ណាស់។

31. យើង​ដឹង​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​មិន​ស្ដាប់​ពាក្យ​របស់​មនុស្ស​បាប​ទេ ព្រះ‌អង្គ​ស្ដាប់​តែ​ពាក្យ​របស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ និង​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ប៉ុណ្ណោះ។

សូមអានជំពូកពេញលេញ យ៉ូហាន 9