គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 9:11-22 Khmer Standard Version (KHSV)

11. គាត់​ឆ្លើយ​ថា៖ «មាន​លោក​ម្នាក់​ឈ្មោះ​យេស៊ូ បាន​ធ្វើ​ភក់​យក​មក​លាប​ភ្នែក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា “សុំ​អញ្ជើញ​ទៅ​លុប​មុខ​នៅ​ស្រះ​ស៊ីឡោម​ចុះ!” ខ្ញុំ​ក៏​ទៅ​លុប​មុខ ហើយ​ខ្ញុំ​មើល​ឃើញ»។

12. គេ​សួរ​គាត់​ថា៖ «លោក​នោះ​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ!»។

13. គេ​នាំ​អ្នក​ដែល​ខ្វាក់​ពី​មុន​នោះ ទៅ​ជួប​ពួក​ខាង​គណៈ​ផារីស៊ី*។

14. ថ្ងៃ​ដែល​ព្រះ‌យេស៊ូ​ធ្វើ​ភក់ និង​ប្រោស​អ្នក​ខ្វាក់​ឲ្យ​បាន​ភ្លឺ​នោះ​ជា​ថ្ងៃ​សប្ប័ទ

15. ហេតុ​នេះ​ហើយ​បាន​ជា​ពួក​ខាង​គណៈ​ផារីស៊ី​នាំ​គ្នា​សួរ​ម្ដង​ទៀត​អំពី​ហេតុ‌ការណ៍​ដែល​ធ្វើ​ឲ្យ​ភ្នែក​គាត់​ភ្លឺ។ គាត់​ឆ្លើយ​ថា៖ «លោក​បាន​យក​ភក់​ដាក់​ពី​លើ​ភ្នែក​ខ្ញុំ ខ្ញុំ​ទៅ​លុប​មុខ ហើយ​ក៏​មើល​ឃើញ»។

16. ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ពោល​ថា៖ «អ្នក​នោះ​មិន​មែន​មក​ពី​ព្រះ‌ជាម្ចាស់​ទេ ដ្បិត​គាត់​ពុំ​គោរព​ក្រឹត្យ‌វិន័យ*​សម្រាប់​ថ្ងៃ​ឈប់​សម្រាក»។ ខ្លះ​ទៀត​ពោល​ថា៖ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សម្គាល់​ដូច​ម្ដេច​បាន?»ពួក​គេ​ក៏​បាក់​បែក​គ្នា។

17. គេ​សួរ​អ្នក​ដែល​ខ្វាក់​ពី​មុន​នោះ​ម្ដង​ទៀត​ថា៖ «ចុះ​អ្នក​វិញ តើ​អ្នក​ថា លោក​ដែល​ធ្វើ​ឲ្យ​អ្នក​បាន​ភ្លឺ​នោះ​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «លោក​ពិត​ជា​ព្យាការី*​មែន!»។

18. ប៉ុន្តែ ជន‌ជាតិ​យូដា​នៅ​តែ​មិន​ជឿ​ថា កាល​ពី​មុន​បុរស​នេះ​ខ្វាក់ ហើយ​ឥឡូវ​បាន​មើល​ឃើញ​នោះ​ឡើយ ទាល់​តែ​ហៅ​ឪពុក​ម្ដាយ​គាត់​មក​សួរ​សិន។

19. គេ​សួរ​ទៅ​ឪពុក​ម្ដាយ​គាត់​ថា៖ «អ្នក​នេះ​ពិត​ជា​កូន​របស់​អ្នក​ដែល​អ្នក​ថា​ខ្វាក់​ពី​កំណើត​មែន​ឬ ចុះ​ឥឡូវ​ម្ដេច​ក៏​ភ្នែក​គាត់​ភ្លឺ?»។

20. ឪពុក​ម្ដាយ​គាត់​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ដឹង​ថា​វា​ពិត​ជា​កូន​របស់​យើង​ខ្ញុំ​មែន ហើយ​កើត​មក​ខ្វាក់!។

21. ត្រង់​ឯ​ភ្នែក​វា​បាន​ភ្លឺ​ដោយ​ហេតុ​យ៉ាង​ណាៗ​នោះ យើង​ខ្ញុំ​មិន​ដឹង​ទេ ហើយ​នរណា​បាន​ធ្វើ​ឲ្យ​ភ្នែក​វា​ភ្លឺ​នោះ ក៏​យើង​មិន​ដឹង​ដែរ!។ សូម​អស់​លោក​សួរ​វា​ទៅ វា​ធំ​ហើយ វា​ឆ្លើយ​ខ្លួន​ឯង​បាន»។

22. ឪពុក​ម្ដាយ​គាត់​និយាយ​ដូច្នេះ​មក​ពី​ខ្លាច​ជន‌ជាតិ​យូដា ព្រោះ​ជន‌ជាតិ​យូដា​រួម​គំនិត​គ្នា បណ្ដេញ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ថា​ព្រះ‌យេស៊ូ​ជា​ព្រះ‌គ្រិស្ដ* ចេញ​ពី​សាលា​ប្រជុំ*​របស់​គេ។

សូមអានជំពូកពេញលេញ យ៉ូហាន 9