6. ពួកគេទូលដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូឱនព្រះកាយចុះ ហើយយកព្រះអង្គុលីគូសវាសលើដី។
7. ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភ័ក្ត្រឡើង មានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំឲ្យអ្នកដែលគ្មានបាបសោះ យកដុំថ្មគប់នាងមុនគេទៅ!»។
8. បន្ទាប់មក ព្រះអង្គឈ្ងោកព្រះភ័ក្ត្រចុះ ហើយគូសវាសលើដីសាជាថ្មី។
9. ពួកគេបានឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្ដងៗ ចាប់ផ្ដើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និងស្ត្រីនោះប៉ុណ្ណោះ។
10. ពេលនោះ ព្រះយេស៊ូងើបព្រះភ័ក្ត្រឡើង មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ពួកគេទៅណាអស់ហើយ គ្មាននរណាដាក់ទោសនាងទេឬ?»។
11. នាងទូលព្រះអង្គថា៖ «គ្មានទេលោកម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅ កុំប្រព្រឹត្តអំពើបាបទៀតឡើយ»។]
12. ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។
13. ពួកខាងគណៈផារីស៊ី*ទូលព្រះអង្គថា៖ «លោកធ្វើជាបន្ទាល់ឲ្យខ្លួនលោកផ្ទាល់ សក្ខីភាពរបស់លោកមិនពិតទេ»។
14. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ទោះបីខ្ញុំធ្វើជាបន្ទាល់ឲ្យខ្លួនខ្ញុំផ្ទាល់ក៏ដោយ ក៏សក្ខីភាពរបស់ខ្ញុំនៅតែពិតដែរ ដ្បិតខ្ញុំដឹងថា ខ្ញុំមកពីណា ហើយទៅណាផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាពុំដឹងថា ខ្ញុំមកពីណា ហើយទៅណាឡើយ។
15. អ្នករាល់គ្នាវិនិច្ឆ័យតាមរបៀបលោកីយ៍។ រីឯខ្ញុំវិញ ខ្ញុំមិនវិនិច្ឆ័យទោសនរណាទេ