គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:50-59 Khmer Standard Version (KHSV)

50. ខ្ញុំ​មិន​រក​សិរី‌រុងរឿង​សម្រាប់​ខ្លួន​ខ្ញុំ​ឡើយ គឺ​មាន​ម្នាក់​រក​ឲ្យ​ខ្ញុំ ហើយ​វិនិច្ឆ័យ​ទៀត​ផង។

51. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។

52. ជន‌ជាតិ​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ហើយ​ថា លោក​ពិត​ជា​មាន​អារក្ស​ចូល​មែន។ លោក​អប្រាហាំ និង​ពួក​ព្យាការី*​បាន​ទទួល​មរណ‌ភាព​ទៅ​ហើយ រីឯ​លោក​វិញ លោក​ហ៊ាន​ពោល​ថា អ្នក​ណា​កាន់​តាម​ពាក្យ​លោក អ្នក​នោះ​មិន​ស្លាប់​សោះ​ឡើយ។

53. តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​អប្រាហាំ​ជា​បុព្វបុរស​របស់​យើង ដែល​ទទួល​មរណ‌ភាព​ទៅ​ហើយ​នោះ​ឬ? រីឯ​ពួក​ព្យាការី​ក៏​ទទួល​មរណ‌ភាព​ទៅ​ដែរ។ ចុះ​លោក លោក​តាំង​ខ្លួន​ជា​អ្វី?»។

54. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ សិរី‌រុងរឿង​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះ‌អង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា​ជា “ព្រះ​របស់​យើង”។

55. អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ រីឯ​ខ្ញុំ ខ្ញុំ​ស្គាល់​ព្រះ‌អង្គ ប្រសិន​បើ​ខ្ញុំ​ថា ខ្ញុំ​មិន​ស្គាល់​ព្រះ‌អង្គ​ទេ ខ្ញុំ​មុខ​ជា​និយាយ​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ ខ្ញុំ​ស្គាល់​ព្រះ‌អង្គ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ថែម​ទៀត​ផង។

56. លោក​អប្រាហាំ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​មាន​ចិត្ត​ត្រេក‌អរ​ពន់​ប្រមាណ ដោយ​សង្ឃឹម​ថា​នឹង​ឃើញ​ខ្ញុំ​មក​ដល់។ លោក​ក៏​បាន​ឃើញ​មែន ហើយ​ត្រេក‌អរ​សប្បាយ»។

57. ជន‌ជាតិ​យូដា​ពោល​ថា៖ «លោក​មាន​អាយុ​មិន​ទាន់​ទាំង​បាន​ហា‌សិប​ឆ្នាំ​ផង ម្ដេច​ក៏​ថា បាន​ឃើញ​លោក​អប្រាហាំ​ដូច្នេះ?»។

58. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មុន​លោក​អប្រាហាំ​កើត​មក ខ្ញុំ​មាន​ជីវិត​រួច​ស្រេច​ទៅ​ហើយ»។

59. ពួក​គេ​ក៏​រើស​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​ព្រះ‌អង្គ ប៉ុន្តែ ព្រះ‌យេស៊ូ​ភៀស​ព្រះ‌អង្គ​ចេញ​ពី​ព្រះ‌វិហារ*​បាត់​ទៅ។

សូមអានជំពូកពេញលេញ យ៉ូហាន 8