គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:45-54 Khmer Standard Version (KHSV)

45. រីឯ​ខ្ញុំ​វិញ ខ្ញុំ​និយាយ​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ទេ។

46. ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​នរណា​អាច​ចោទ​ប្រកាន់​ថា ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​បាន? បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ?

47. អ្នក​ណា​កើត​មក​ពី​ព្រះ‌ជាម្ចាស់ អ្នក​នោះ​តែង​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​មែន​កើត​មក​ពី​ព្រះ‌ជាម្ចាស់​ទេ បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ខ្ញុំ​ដូច្នេះ»។

48. ជន‌ជាតិ​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «យើង​និយាយ​ថា លោក​ជា​សាសន៍​សាម៉ារី ហើយ​ថា​មាន​អារក្ស​ចូល​លោក​នោះ​ត្រូវ​មែន!»។

49. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គ្មាន​អារក្ស​ណា​ចូល​ខ្ញុំ​ឡើយ តែ​ខ្ញុំ​គោរព​ព្រះ‌បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​បែរ​ជា​បន្តុះ‌បង្អាប់​ខ្ញុំ​ទៅ​វិញ។

50. ខ្ញុំ​មិន​រក​សិរី‌រុងរឿង​សម្រាប់​ខ្លួន​ខ្ញុំ​ឡើយ គឺ​មាន​ម្នាក់​រក​ឲ្យ​ខ្ញុំ ហើយ​វិនិច្ឆ័យ​ទៀត​ផង។

51. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។

52. ជន‌ជាតិ​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ហើយ​ថា លោក​ពិត​ជា​មាន​អារក្ស​ចូល​មែន។ លោក​អប្រាហាំ និង​ពួក​ព្យាការី*​បាន​ទទួល​មរណ‌ភាព​ទៅ​ហើយ រីឯ​លោក​វិញ លោក​ហ៊ាន​ពោល​ថា អ្នក​ណា​កាន់​តាម​ពាក្យ​លោក អ្នក​នោះ​មិន​ស្លាប់​សោះ​ឡើយ។

53. តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​អប្រាហាំ​ជា​បុព្វបុរស​របស់​យើង ដែល​ទទួល​មរណ‌ភាព​ទៅ​ហើយ​នោះ​ឬ? រីឯ​ពួក​ព្យាការី​ក៏​ទទួល​មរណ‌ភាព​ទៅ​ដែរ។ ចុះ​លោក លោក​តាំង​ខ្លួន​ជា​អ្វី?»។

54. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ សិរី‌រុងរឿង​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះ‌អង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា​ជា “ព្រះ​របស់​យើង”។

សូមអានជំពូកពេញលេញ យ៉ូហាន 8