គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:31-46 Khmer Standard Version (KHSV)

31. ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ជន‌ជាតិ​យូដា ដែល​បាន​ជឿ​លើ​ព្រះ‌អង្គ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស​របស់​ខ្ញុំ​មែន។

32. អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី‌ភាព»។

33. គេ​នាំ​គ្នា​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​ជា​កូន​ចៅ​លោក​អប្រាហាំ! យើង​ខ្ញុំ​មិន​ដែល​ធ្វើ​ខ្ញុំ​បម្រើ​អ្នក​ណា​ឡើយ ម្ដេច​ក៏​លោក​គ្រូ​ថា “អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព”​ដូច្នេះ?»។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ជា​ខ្ញុំ​បម្រើ​របស់​អំពើ​បាប។

35. ធម្មតា ខ្ញុំ​បម្រើ​មិន​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​ជាប់​រហូត​ទេ មាន​តែ​កូន​របស់​ម្ចាស់​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​ជាប់​រហូត​ត​ទៅ។

36. ប្រសិន​បើ​ព្រះ‌បុត្រា​រំដោះ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ពិត​ជា​មាន​សេរី‌ភាព។

37. ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ព្រោះ​ពាក្យ​របស់​ខ្ញុំ​មិន​ស្ថិត​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ឡើយ។

38. ខ្ញុំ​និយាយ​តែ​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​ព្រះ‌បិតា រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។

39. គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឪពុក​របស់​យើង គឺ​លោក​អប្រាហាំ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «បើ​អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​លោក​អប្រាហាំ​មែន អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​កិច្ចការ ដូច​លោក​អប្រាហាំ​ធ្លាប់​ធ្វើ​នោះ​មិន​ខាន

40. តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌ជាម្ចាស់ លោក​អប្រាហាំ​មិន​បាន​ប្រព្រឹត្ត​ដូច្នេះ​ទេ។

41. អ្នក​រាល់​គ្នា​ធ្វើ​កិច្ចការ​ដែល​ឪពុក​អ្នក​រាល់​គ្នា​ប្រព្រឹត្ត»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​ជា​កូន​ពេញ​ច្បាប់ យើង​មាន​ឪពុក​តែ​មួយ​គត់ គឺ​ព្រះ‌ជាម្ចាស់»។

42. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ពិត​ជា​ឪពុក​អ្នក​រាល់​គ្នា​មែន ម៉្លេះ​សម​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​ពុំ‌ខាន ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ‌ជាម្ចាស់​មក​ទី​នេះ។ ខ្ញុំ​មិន​មែន​មក​ដោយ​ចិត្ត​ឯង​ឡើយ គឺ​ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។

43. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដូច្នេះ? គឺ​មក​ពី​អ្នក​រាល់​គ្នា​មិន​អាច​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​បាន។

44. អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​មារ​សា‌តាំង* ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​ចំណង់​ចិត្ត​ឪពុក​អ្នក​រាល់​គ្នា។ តាំង​ពី​ដើម​រៀង​មក វា​បាន​សម្លាប់​មនុស្ស ហើយ​មិន​កាន់​តាម​សេចក្ដី​ពិត​ទេ ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​ខ្លួន​វា​សោះ។ ពេល​វា​និយាយ​កុហក នោះ​វា​និយាយ​ចេញ​ពី​គំនិត​វា​ផ្ទាល់ ព្រោះ​វា​ជា​មេ​កុហក ហើយ​ជា​ឪពុក​នៃ​អ្នក​កុហក។

45. រីឯ​ខ្ញុំ​វិញ ខ្ញុំ​និយាយ​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ទេ។

46. ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​នរណា​អាច​ចោទ​ប្រកាន់​ថា ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​បាន? បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ?

សូមអានជំពូកពេញលេញ យ៉ូហាន 8