គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:3-12 Khmer Standard Version (KHSV)

3. ពេល​នោះ ពួក​អាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​នាំ​ស្ត្រី​ម្នាក់ ដែល​គេ​ទាន់​កំពុង​តែ​រួម​សហាយ‌ស្មន់។ គេ​យក​នាង​នោះ​មក​ដាក់​កណ្ដាល​ចំណោម​ប្រជុំ‌ជន

4. ហើយ​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ យើង​ចាប់​ស្ត្រី​នេះ​បាន ក្នុង​ពេល​កំពុង​រួម​សហាយ‌ស្មន់។

5. ក្នុង​ក្រឹត្យ‌វិន័យ លោក​ម៉ូសេ​បាន​បង្គាប់​ឲ្យ​យើង​យក​ដុំ​ថ្ម គប់​ស្ត្រី​ប្រភេទ​នេះ​សម្លាប់​ចោល។ ចុះ​លោក​គ្រូ​វិញ តើ​លោក​គ្រូ​គិត​យ៉ាង​ណា?»។

6. ពួក​គេ​ទូល​ដូច្នេះ ដោយ​មាន​បំណង​រក​លេស​ចោទ​ប្រកាន់​ព្រះ‌អង្គ។ ប៉ុន្តែ ព្រះ‌យេស៊ូ​ឱន​ព្រះ‌កាយ​ចុះ ហើយ​យក​ព្រះ‌អង្គុលី​គូស‌វាស​លើ​ដី។

7. ដោយ​ពួក​គេ​ចេះ​តែ​សួរ​ព្រះ‌អង្គ​ខ្លាំង​ពេក ព្រះ‌អង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា សុំ​ឲ្យ​អ្នក​ដែល​គ្មាន​បាប​សោះ យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ!»។

8. បន្ទាប់​មក ព្រះ‌អង្គ​ឈ្ងោក​ព្រះ‌ភ័ក្ត្រ​ចុះ ហើយ​គូស‌វាស​លើ​ដី​សា​ជា​ថ្មី។

9. ពួក​គេ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ដូច្នេះ ក៏​នាំ​គ្នា​ដក​ខ្លួន​ថយ​ម្នាក់​ម្ដងៗ ចាប់​ផ្ដើម​ពី​អ្នក​មាន​វ័យ​ចាស់​ជាង​គេ​ទៅ នៅ​សល់​តែ​ព្រះ‌យេស៊ូ និង​ស្ត្រី​នោះ​ប៉ុណ្ណោះ។

10. ពេល​នោះ ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ពួក​គេ​ទៅ​ណា​អស់​ហើយ គ្មាន​នរណា​ដាក់​ទោស​នាង​ទេ​ឬ?»។

11. នាង​ទូល​ព្រះ‌អង្គ​ថា៖ «គ្មាន​ទេ​លោក​ម្ចាស់!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ សុំ​អញ្ជើញ​ទៅ​ចុះ តែ​ពី​ពេល​នេះ​ត​ទៅ កុំ​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ឡើយ»។]

12. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។

សូមអានជំពូកពេញលេញ យ៉ូហាន 8